បរទេស៖ លោកប្រធានាធិបតី អាមេរិកលោក Trump បានប្រកាសថា នាវាមុជទឹកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក “ស្ថិតនៅក្នុងតំបន់រុស្ស៊ី” ប៉ុន្តែលោកមិន បានផ្តល់ព័ត៌មានជាក់លាក់នោះទេ ចំណែកមន្ត្រីរុស្ស៊ី មិនបានធ្វើអត្ថាធិប្បាយ លើព័ត៌មាននេះទេ។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃទី១ ខែសីហា លោក Trump បានប្រកាសថា លោកកំពុងដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរទៅកាន់តំបន់សមស្រប ដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ “បង្កហេតុយ៉ាងខ្លាំង” របស់អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev ព្រមទាំង ដើម្បីការពារករណីដែលថា “សេចក្តីថ្លែងការណ៍រលាកទាំងនេះ មិនមែនគ្រាន់តែនិយាយ តែមាត់នោះទេ”។
ប្រធានាធិបតីអាមេរិកមិនបានបញ្ជាក់ថាតើនាវាមុជទឹកទាំងពីរគ្រឿង បំពាក់ដោយអាវុធនុយក្លេអ៊ែរ ឬលើកឡើងជាក់លាក់អំពី«ទីតាំង»របស់នាវានោះទេ ។ នាវាមុជទឹកទាំងអស់នៅក្នុង កងនាវាអាមេរិកសព្វថ្ងៃ ប្រើប្រាស់ម៉ាស៊ីនដើរ ដោយថាមពលនុយក្លេអ៊ែរ ប៉ុន្តែមិនមែនទាំងអស់សុទ្ធតែត្រូវបានបំពាក់ដោយអាវុធ នុយក្លេអ៊ែរនោះទេ។
មន្ទីរបញ្ចកោណ មិនបានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ ។ សកម្មភាព និងផ្លូវរបស់នាវាមុជទឹកនុយក្លេអ៊ែរ តែងតែត្រូវបានរក្សាការសម្ងាត់ដោយសហរដ្ឋអាមេរិក ព្រោះវាចាំបាច់ត្រូវតែលាក់កំបាំង តាមដែលអាចធ្វើទៅបាន ដើម្បីរក្សាការរារាំង និងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការវាយប្រហារ ទុកជាមុនប្រឆាំងនឹងសត្រូវ៕
ប្រែសម្រួលៈ ណៃ តុលា
