ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួង អភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជា អធិបតីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ មូលដ្ឋានគ្រឹះ នៃការគ្រប់គ្រងហិរញ្ញវត្ថុ និងលទ្ធកម្មសម្រាប់ គម្រោងដៃគូអភិវឌ្ឍន៍ របស់ក្រសួងអភិវឌ្ឍន៍ជនបទ”។

លោករដ្ឋមន្រ្ដី ក៏បានជម្រាបជូនពីសារសំខាន់ នៃការអភិវឌ្ឍធនធានមនុស្ស ស្របពេលដែលក្រសួងកំពុងបាននឹងពង្រឹង ពង្រីកទំនាក់ទំនង និង កិច្ចសហការជាមួយបណ្តាដៃគូទាំងទ្វេភាគី និងពហុភាគី ដើម្បីកសាង និងពង្រឹងសមត្ថភាព របស់មន្ត្រីទទួលបន្ទុកលើការគ្រប់គ្រងនិងអនុវត្តគម្រោងនៅគ្រប់ផ្នែក ដូចជា ផ្នែកហិរញ្ញវត្ថុ, ផ្នែកលទ្ធកម្ម, ផ្នែកបច្ចេកទេស និងគុណភាពសាងសង់, ផ្នែកសុវត្ថិភាពផ្លូវថ្នល់, ផ្នែកគាំពារសង្គមនិងបរិស្ថាន, និងផ្នែកយេនឌ័រ ផងដែរ។

លោករដ្ឋមន្រ្ដី បានមានប្រសាសន៍បន្តទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងបន្តបេសកកម្មយ៉ាងសកម្ម ក្រោមចក្ខុវិស័យ “កសាងសង្គម ជនបទកម្ពុជា ឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងចីរភាព” ក្នុងគោលបំណង ធ្វើឲ្យប្រជាជន នៅតំបន់ជនបទមានជីវភាពរស់នៅ សមរម្យ មានសុខ ភាពល្អ ស្របតាមយុទ្ធសាស្រ្ដ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋភិបាល ។ បច្ចុប្បន្ននេះក្រសួង អភិវឌ្ឍន៍ជនបទ កំពុងអនុវត្តគម្រោង កម្មវិធីក្រោមហិរញ្ញប្បទានពីដៃគូ អភិវឌ្ឍន៍សរុបចំនួន ២២គម្រោង ក្រោមហិរញ្ញប្បទានសម្បទាន និងឥតសំណង លើការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ពន្ធ័គមនាគមន៍ជនបទ, ការផ្គត់ផ្គង់ទឹកស្អាត, ការប្រតិបត្តិអនាម័យ និងការអភិវឌ្ឍន៍ សហគមន៍ជនបទ ដែលមានមន្ត្រីរាជការបំរើការសរុប ២៤៣រូប(ស្រី ៧១ រូប)។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្ដី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៍ម៉ឺងម៉ាត់ និងច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និង តំបន់មុំបី ទៅដោះស្រាយនៅតុលាការ យុត្តិធម៌អន្តរជាតិ(ICJ) នឹងបានគាំទ្រនូវយន្តការទ្វេភាគី ដែលមានស្រាប់ក្នុងការចរចា និងដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីរក្សានិង កសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងគាំទ្រ សិទ្ធិស្វ័យការពារខ្លួន ទប់ទល់ការឈ្លានពានពីសំណាក់បរទេស។

លោករដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍សំខាន់ៗ មួយចំនួនដល់សិក្ខាកាម ដែលក្នុងរយៈពេលពីរថ្ងៃនេះ ត្រូវត្រងត្រាប់ស្ដាប់គ្រូឧទ្ទេសនាម មានបទពិសោធន៍ សំដៅទទួលបានចំណេះដឹងថ្មីៗ បន្ថែមទៀតទាំងផ្នែកហិរញ្ញវត្ថុ និងលទ្ធកម្មសម្រាប់យកទៅប្រើប្រាស់លើការគ្រប់គ្រង និងអនុវត្តគម្រោងក្រោម ហិរញ្ញប្បទានសម្បទាន និងឥតសំណង ឱ្យទទួលបានជោគជ័យ ៕
