ព័ត៌មានជាតិ

លោកស្រី ម៉ាលី សុជាតា ៖ កម្ពុជា ប្រកាន់ខ្ជាប់ នូវ បទឈប់បាញ់ បង្ហាញការគោរព ដល់សហគមន៍អន្តរជាតិ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតិ បានអះអាងពីការប្តេជ្ញាចិត្ត របស់កម្ពុជា ដែលបានអនុវត្តយ៉ាងល្អ ចំពោះកិច្ចព្រមព្រៀង បទឈប់បាញ់នោះថា គឺបានបង្ហាញពីការគោរពរបស់កម្ពុជា ទៅដល់សហគមន៍អន្តរជាតិនានា ដែលបានជួយជ្រោមជ្រែង ឲ្យមានបទឈប់បាញ់ រវាងកម្ពុជា-ថៃ ។

ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់ រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ លោកស្រីថ្លែងថា កម្ពុជាបានគោរពយ៉ាងម៉ឹងម៉ាត់ ទៅលើកិច្ចព្រមព្រៀង បទឈប់បាញ់ ដែលបានឯកភាពគ្នា នៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ថ្ងៃទី២៨ កក្កដា ។

លោកស្រីសង្កត់ធ្ងន់ថា “ការប្រកាន់ខ្ជាប់យ៉ាង មុតមាំរបស់កម្ពុជា ចំពោះបទឈប់បាញ់នេះ បង្ហាញពីការគោរព ចំពោះកិច្ចខិតខំប្រឹង ប្រែងដោយមិនចេះនឿយហត់ របស់មិត្តអន្តរជាតិ និងបំណងប្រាថ្នារបស់កម្ពុជា ក្នុងការចូលរួមចំណែកដល់សន្តិភាព ស្ថិរភាពយូរអង្វែងនៅក្នុងតំបន់”។

លោកស្រីបន្តថា ប៉ុន្តែជាការគួរឲ្យសោកស្តាយបំផុតបែរជានៅវេលាម៉ោង១១ ព្រឹកថ្ងៃ៤ សីហា កងកម្លាំងប្រដាប់អាវុធថៃ អមដោយគ្រឿងចក្រធន់ធ្ងន់បានចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជា ហើយថែមទាំង បានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាង ខ្លាំងពីសំណាក់កងកម្លាំងរបស់កម្ពុជាយ៉ាងណាក៏ដោយ ខណៈកម្ពុជាទើបបានរៀបចំដំណើរទស្សនកិច្ចជូនអនុព័ន្ធយោធាបរទេស ទៅកាន់ទីតាំងទាំងនោះ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ៕

To Top