តូក្យូ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានឲ្យដឹងថា ប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជប៉ុន ក្នុងវិស័យបច្ចេកវិទ្យាយន្តហោះដ្រូន រួមទាំងការផលិតរួមគ្នា ដោយទាញយកបទពិសោធន៍ របស់ខ្លួនពីសង្គ្រាមជាមួយការ ឈ្លានពានរបស់រុស្ស៊ី ។
លោក Sybiha បានឲ្យដឹងនៅក្នុង បទសម្ភាសន៍ជាមួយ Kyodo News នៅទីក្រុងតូក្យូថា “ឥឡូវនេះយើង គឺជាអ្នកដឹកនាំនៅលើពិភពលោក ក្នុងការផលិតយន្តហោះដ្រូន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ដោយសំដៅលើ “ផ្នែករសើប” នៃច្បាប់តឹងរឹងរបស់ប្រទេសជប៉ុន លើការផ្ទេរអាវុធ នៅក្រោមរដ្ឋធម្មនុញ្ញសន្តិភាពរបស់ខ្លួន លោកបានស្នើថាប្រភេទយន្តហោះដ្រូន ដែលត្រូវបានពិចារណាសម្រាប់កិច្ចសហប្រតិបត្តិការ បែបនេះអាចមានចាប់ពី “គោលបំណងកសិកម្ម រហូតដល់ការស៊ើបការណ៍សម្ងាត់” ។
ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមសង្រ្គាម របស់ខ្លួនលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ ២០២២ ទីក្រុងតូក្យូបានគាំទ្រទីក្រុងគៀវ ក្នុងជំហានជាមួយក្រុមប្រទេស ឧស្សាហកម្មចំនួន៧ ផ្សេងទៀត ខណៈពេលដែលរក្សាបាននូវទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងម៉ូស្គូ ។ លោក Sybiha ដែលស្នងតំណែងពីលោក Dmytro Kuleba ជារដ្ឋមន្ត្រីការបរទេសកាលពីខែកញ្ញា បានឲ្យដឹងថា អ៊ុយក្រែននឹងចាត់វិធានការដោយយុត្តិធម៌ ដោយបដិសេធបណ្តាប្រទេសដែលគាំទ្ររុស្ស៊ី ក្នុងការទទួលបានកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញរបស់ខ្លួន ដែលអាចផ្តល់ឱកាសអាជីវកម្ម ។
នៅក្នុងការសំអាងលើប្រទេសមួយចំនួនដូចជាចិន និងឥណ្ឌាដែលបន្តទិញប្រេងឆៅពីរុស្ស៊ី រដ្ឋមន្ត្រីការបរទេសបានអំពាវនាវឱ្យ “ប្រទេសទាំងអស់” បញ្ឈប់ការនាំចូលធនធាន ថាមពលពីទីក្រុងម៉ូស្គូ ដោយថាវាអនុញ្ញាតឱ្យប្រទេសនេះបន្ដបង្ហូរឈាម ។ ចំពោះប្រទេសចិន លោក Sybiha បានឲ្យដឹងថា ទីក្រុងប៉េកាំងអាច “ដើរតួនាទីធំជាង” ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះសង្រ្គាមដែលអូសបន្លាយ ហើយមាន “សមត្ថភាពបែបនេះ” ដោយបង្ហាញក្តីសង្ឃឹមថា មហាអំណាចអាស៊ីមួយនេះ នឹង “គាំទ្របទឈប់បាញ់” ៕
ប្រែសម្រួល ឈូក បូរ៉ា
