ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ បានអំពាវនាវសារជាថ្មីម្តងទៀត ឱ្យបងប្អូនពលករ ដែលទើបត្រលប់មកពីថៃសូមទាក់ទង ទៅកាន់លេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារដ៏សម្បូរបែបនៅកម្ពុជា។

បើតាមអ្នកនាំពាក្យដដែលរូបនេះ កម្ពុជាកំពុងមានតម្រូវការកម្លាំងពលកម្ម ប្រមាណជាង ២៥ម៉ឺនកន្លែង ខណៈដែលជារៀងរាល់សប្តាហ៍កម្ពុជា មានលទ្ធភាពបង្កើតឱកាសការងារប្រមាណជាង ១ម៉ឺនកន្លែងសម្រាប់ពលរដ្ឋ ក្នុងស្រុករបស់ខ្លួនតាមរយៈកំណើនសេដ្ឋកិច្ច និងកំណើននៃការវិនិយោគ។

លោក ស៊ុន មេសា បានឱ្យដឹងថា បើបូកសរុបទាំងឱកាសការងារ ដែលកំពុងមានស្រាប់នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស និងឱកាសការងារ ដែលនឹងបន្តមានជាបន្តបន្ទាប់តាមរយៈការវិនិយោគ ដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កម្ពុជាមានឱកាសការងារសរុបជាង ៥៥ម៉ឺនកន្លែង ។

ដូចនេះ លោកអំពាវនាវ ឱ្យបងប្អូនពលករខ្មែរដែលទើបមកពីថៃ សូមស្វែងរកការងារនៅគ្រប់ខេត្តក្រុង ជាពិសេសរាជធានីភ្នំពេញ ស្វាយរៀង កំពង់ស្ពឺ តាកែវ និងព្រះសីហនុជាដើម ៕






