ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ៖ វិស័យសុខាភិបាល ជារឺសគល់ នៃការអភិវឌ្ឍ ជួយដល់សេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែសីហា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត បានលើកឡើងថា វិស័យសុខាភិបាល ជារឹសគល់នៃការអភិវឌ្ឍ ការផលិតបានធនធានមានសុខភាពល្អ នឹងជួយដល់សេដ្ឋកិច្ចជាតិ យ៉ាងសំខាន់ ។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបន្តថា មន្រ្តីសុខាភិបាល បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ បានចូលរួមយ៉ាងសកម្ម ក្នុងស្មារតីរួបរួមសាមគ្គីភាពគ្នា ជួយគ្នាគាំទ្រគ្នា ដោយស្វ័យប្រវត្តិ ទាំងជំនាញបច្ចេកទេសវះកាត់ ការថែទាំព្យាបាល ទាំងការលើកកម្ពស់ទឹកចិត្តស្មារតី ដោយមានការចុះជួយគ្នា ពីមន្ទីរពេទ្យជាតិទាំងអស់ ក្នុងបេសកកម្មសុខាភិបាល នាគ្រាអាសន្នចាំបាច់បំផុត ក្នុងនាមជាកងទ័ពអាវស។

បន្ថែមពីនេះ សាស្រ្តាចារ្យ បានលើកទឹកចិត្ត ដល់មន្រ្តីសុខាភិបាល បន្តសកម្មភាពវប្បធម៌ដ៏ល្អប្រពៃ បែបនេះតទៅទៀតច្រើនជំនាន់ ដោយត្រូវត្រៀមលក្ខណៈ ស្មារតីយកចិត្តទុកដាក់កម្រិតខ្ពស់ គ្រប់ពេលវេលា គ្រប់វិនាទី ចំពោះរាល់ព្រឹត្តិការណ៍អវិជ្ជមានដែលអាចកើតមានឡើង ។ ក្នុងនោះត្រូវយកបទពិសោធន៍កន្លងមក មករៀបចំជាការណែនាំ ផែនការសកម្មភាពបន្ត និងសម្រាប់ពេលបន្ទាប់ ទាំងដំណាក់កាលមុនហេតុការណ៍ ដំណាក់កាលកំពុងកើតហេតុការណ៍ និងដំណាក់កាលក្រោយហេតុការណ៍ ។

សាស្រ្តាចារ្យ ក៏បានណែនាំ ដល់ថ្នាក់ដឹកនាំ ត្រូវរៀបចំពិនិត្យ និងវាយតម្លៃ នូវផលប៉ះពាល់ នៅពេលដែលស្ថានភាព ល្អប្រសើរឡើងវិញ ដោយត្រូវធានាយ៉ាងណាឲ្យដំណើរ ការបម្រើសេវាសុខាភិបាលជាសារវន្ត័ នៅដំណើរការជាធម្មតា និងត្រូវពិនិត្យជំហានបន្តបន្ទាប់ ទាំងការរៀបចំជួសជុល ការខូចខាតទាំងឡាយ តាមស្ថានភាពចំពោះមុខ ៕

To Top