ព័ត៌មានជាតិ

តំបន់អានសេះ កំពុងស្ថិតក្រោមការឃ្លាំមើល របស់កងកំលាំងកម្ពុជា យ៉ាងម៉ត់ចត់

ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា កងកំលាំងប្រដាប់ អាវុធរបស់កម្ពុជា នៅប្រចាំការតំបន់អានសេះ កំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់បំផុត នៅតំបន់នេះ ក្រោយមានការរុះរើបន្លាលួស ចេញកាលពីព្រលប់ថ្ងៃ៥ សីហារួចមក ។

ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ លោកស្រី ម៉ាលី សុជាតាបានលើកឡើងថា ស្ថានការណ៍នៅតំបន់ជួរមុខ តាមបន្ទាត់ព្រំដែនក្នុងទិសខេត្តព្រះវិហារ និងឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់ ខណៈតំបន់អានសេះ ក៏មិនទាន់មានបញ្ហាអ្វីកើតឡើងដែរ បន្ទាប់ពីបន្លាលួស ដែលកងទ័ពថៃបានរាយនៅតំបន់អានសេះកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នោះ ត្រូវបានរុះរើ និងគ្រឿងចក្រថៃ ក៏ត្រូវបានផ្អាកការធ្វើសកម្មភាពផងដែរ។

អ្នកនាំពាក្យបន្តថា ការរុះរើបន្លាលួសចេញពីតំបន់អានសេះ ក្រោយពីភាគីកម្ពុជា និងភាគីថៃប្រចាំការនៅតំបន់អានសេះ បានជួបពិភាក្សា និងចរចាគ្នា។

លោកស្រីបញ្ជាក់ថា “នៅតំបន់អានសេះ កំពុងស្ថិតនៅក្រោមការឃ្លាំមើល ដោយប្រុងប្រយ័ត្នខ្ពស់បំផុត របស់កងកំលាំងកម្ពុជា ដើម្បីពង្រឹងការអនុវត្ត តាមស្មារតីបទឈប់បាញ់ ដែលកម្ពុជាគោរពយ៉ាងម៉ឹងម៉ាត់បំផុត លើការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នា នៅប្រទេសម៉ាឡេស៊ី” ។

សូមបញ្ជាក់ថា តំបន់អានសេះ ស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា និងត្រូវបានគ្រប់គ្រងទាំងស្រុង​ ដោយកងទ័ពកម្ពុជា ក្រោយពីបទឈប់បាញ់រវាងកម្ពុជា-ថៃបានចូលជាធរមាននៅម៉ោង ១២ យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក៕

To Top