ព័ត៌មានជាតិ

ក្រសួងការងារ និងក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd ចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីលើកកម្ពស់ ការផ្លាស់ប្ដូរ ការសិក្សាបែបអន្តរជាតិ និងការសហការ លើវិស័យអប់រំបណ្ដុះបណ្ដាល បច្ចេកទេសនិងវិជ្ជាជីវៈ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ ក្នុងការលើកកម្ពស់ការ ផ្លាស់ប្ដូរ ការសិក្សាបែបអន្តរជាតិ និងការសហការលើវិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក CHEN Jiquan នាយកក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd នៅទីស្តីការក្រសួង នារសៀលថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ២០២៥។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ ផ្ដោតសំខាន់លើការលើកកម្ពស់ការ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយកំណត់តាមស្ដង់ដាចិន និងអាល្លឺម៉ង់ ព្រមទាំងជំរុញទេពកោសល្យ ខាងផ្នែកបច្ចេកទេស និងគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម និងសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្រ្តីបានបង្ហាញក្តីសង្ឃឹមថា តាមរយៈបទពិសោធរបស់ក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd នឹងជួយឱ្យសិស្សកម្ពុជាទទួលបានការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ដែលមានស្ដង់ដា និងមានសមត្ថភាពខ្ពស់ក្នុងការបំពេញការងារ។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីភាពចាំបាច់ នៃការបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើប ដើម្បីឱ្យពលរដ្ឋកម្ពុជា មានជំនាញពិតប្រាកដ និងស្របទៅតាមការវិវត្ត នៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ដែលជាគន្លឹះយ៉ាងសំខាន់ ក្នុងការបង្កើតផលិតភាព នៃកម្លាំងពលកម្មកម្ពុជាក្នុងទីផ្សារ និងប្រែក្លាយកម្ពុជាជាគោលដៅដ៏ទាក់ទាញនៃការវិនិយោគបន្ថែមទៀតពីសំណាក់វិនិយោគិនបរទេស។

ជាការឆ្លើយតប លោក CHEN Jiquan នាយកក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd បានគាំទ្រចំពោះឆន្ទៈ នៃការធ្វើទំនើបកម្មរបស់ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីបង្កើនផលិតភាពការងារ ជូនប្រជាពលរដ្ឋកម្ពុជា ឱ្យស្របទៅនឹង តម្រូវការទីផ្សារ ដែលផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើប ចុងក្រោយដែលជាគន្លឹះក្នុងការទាក់ទាញវិនិយោគិន៕

To Top