ភ្នំពេញ ៖ ១០ថ្ងៃ ពោលចាប់ពីថ្ងៃទី ២៧ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ សមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបល្បែង ស៊ីសងសរុបចំនួន ៥ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៣០នាក់។ ក្នុងចំណោម ៣០នាក់ដែលបានឃាត់ខ្លួន មានចំនួន ៣នាក់ ត្រូវបានបញ្ចូនទៅតុលាការ និងអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ចំនួន ២៧នាក់។នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ។
របាយការណ៍ ដដែលបានបង្ហាញទៀតថា ក្នុងរយៈពេល១០ថ្ងៃនេះ ខេត្តបាត់ដំបងបង្ក្រាបបាន៣ករណី ខេត្តកំពង់ស្ពឺ ១ករណី និងពោធិសាត់ ១ករណី ចំណែកខេត្តផ្សេងៗទៀត ពុំមានករណីលេងល្បែងស៊ីសងនោះទេ។
យ៉ាងណាមិញ យើងសង្កេតឃើញថា ចាប់តាំងពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបាន ចេញបទបញ្ជាបង្ក្រាបបទល្មើសល្បែងស៊ីសង និងមានលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសូងមហាផ្ទៃ ដឹកនាំអនុវត្តគោលនយោបាយ «ភូមិ- ឃុំ-សង្កាត់មានសុវត្ថិភាព» ធ្វើឱ្យការបង្ក្រាបល្បែងស៊ីសងទូទាំងរាជធានី ខេត្តមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។
សូមបញ្ជាក់ថាក្នុងរយៈពេលដែលប្រទេសកម្ពុជា- ថៃមានជម្លោះព្រំដែន ជាមួយគ្នានេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ នៅតែបន្តបំពេញ តួនាទី ភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្តិភាព ដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់ សុត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ៕
