ភ្នំពេញ៖សាកលវិទ្យាល័យបៀលប្រាយ បានប្រគល់អាហារូបករណ៍សិក្សា១០០% រយៈពេលមួយចប់កម្មវិធីសិក្សាជូនដល់និស្សិត យឿង ម៉ៃរាក់ ដែលជានិស្សិតកំពុងសិក្សាឆ្នាំទី១ ឆមាសទី២ នៅក្នុងមហាវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប។

ប្អូនយឿង ម៉ៃរាក់ ជាកូនរបស់យោធិនពលី ដែលបានលះបង់ជីវិតក្នុងបុព្វហេតុការពារជាតិ នៅក្នុងសមរភូមិការពារទឹកដីពីការឈ្លានពានរបស់ប្រទេសថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
ការផ្តល់អាហារូបករណ៍របស់សាកលវិទ្យាល័យបៀលប្រាយ ជូនដល់និស្សិតគឺជាការចូលរួមចំណែកក្នុងការជួយសម្រាលបន្ទុកសេដ្ឋកិច្ចរបស់គ្រួសារពលី និងជាការបង្ហាញនូវការគោរពកោតសរសើរ និងដឹងគុណចំពោះវីរៈភាព និងការលះបង់របស់បងប្អូនកងទ័ពពលីទាំងអស់ ដែលបានលះបង់នូវអាយុជីវិតដើម្បីការពារជាតិ ការពារទឹកដី និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

