ព័ត៌មានជាតិ

AVI ៖ ទីតាំងវប្បធម៌ និងអរិយធម៌សំខាន់ៗ នៅឧត្តរមានជ័យ និងព្រះវិហារ រងការខូចខាតខ្លាំង

ភ្នំពេញ ៖ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានបង្ហាញថា ទីតាំងវប្បធម៌ និងអរិយធម៌សំខាន់ៗ នៅក្នុងស្រុកបន្ទាយអំពិល និងតំបន់ជាំតែស្ថិតនៅ ខេត្តឧត្តរមានជ័យ និងព្រះវិហារបានរងការខូចខាតខ្លាំងពីការវាយប្រហាររបស់យោធាថៃ កាលពីពេលប្រយុទ្ធគ្នាចាប់ពីថ្ងៃ២៤ រហូតមកដល់ថ្ងៃ២៨ កក្កដា ។

ការបង្ហាញពីការខូចខាតរបស់ AVI នេះ ធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រោយបញ្ចប់បេសកកម្មចូលរួមពិនិត្យបទឈប់បាញ់នៅតំបន់ព្រំដែន និងជម្រកបណ្តោះអាសន្នជនភៀសសឹកចាប់ពីថ្ងៃ៣០ កក្កដា ដល់ថ្ងៃ២ សីហា ។ ក្នុងពេលចុះបេសកកម្មទាំង៤ថ្ងៃនេះ គឺនៅថ្ងៃទី១ ខែសីហា វិទ្យាស្ថាន AVI បានចូលរួមក្នុងបទបង្ហាញ បច្ចេកទេស ដែលរៀបចំដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលរៀបរាប់អំពីប្រភេទ សំណល់ជាតិផ្ទុះពីសង្គ្រាម (ERW) ដែលបានរកឃើញ នៅក្នុងតំបន់រងផលប៉ះពាល់។ នាឱកាសនោះ CMAC បានលើកឡើងពីហានិភ័យ ដែលគ្រាប់បែកទាំងនេះបង្កដល់ជនស៊ីវិល និងបង្ហាញពីយុទ្ធសាស្ត្របោសសម្អាតដែលកំពុងអនុវត្ត ។

នៅថ្ងៃដដែល AVI បានចូលរួម ជាមួយគណៈប្រតិភូការទូត ក្នុងការធ្វើដំណើរទៅកាន់ស្រុកបន្ទាយអំពិល រួមទាំងតំបន់ជាំតែ ដែលមានការខូចខាត យ៉ាងធ្ងន់ធ្ងរ ពីការបាញ់ផ្លោងកាំភ្លើងធំ ។ ក្នុងនោះ ទីតាំងវប្បធម៌ និងអរិយធម៌សំខាន់ៗត្រូវបានរកឃើញថា មានផលប៉ះពាល់យ៉ាង ខ្លាំង រួមមាន ៖ វត្តប្រាសាទតាមន្តសែនជ័យ សាលារៀនជុំវិញ រូបសំណាកព្រះពុទ្ធ តូបលក់វត្ថុអនុស្សាវរីយ៍ក្នុងស្រុក និងលំនៅដ្ឋានរបស់ប្រជាជន ៕

To Top