កូឡាឡាំពួរ ៖ ក្នុងលទ្ធផល នៃកិច្ចប្រជុំGBC ត្រង់ចំណុចទី៧ ក្នុងចំណោមទាំង១៣ចំណុចបានកំណត់ថា ក្នុងករណីមានជម្លោះប្រដាប់អាវុធ ទោះចេតនា ឬអចេតនាក៏ដោយ កម្ពុជា-ថៃ ត្រូវតែពិគ្រោះយោបល់ភ្លាមៗ នៅថ្នាក់មូលដ្ឋាន តាមរយៈយន្តការទ្វេភាគី ដែលមានស្រាប់ ដើម្បីទប់ស្កាត់ស្ថានការណ៍ កុំឲ្យកើនឡើង នៅតាមព្រំដែនទាំងមូល ព្រោះកាលណាជម្លោះអូសបន្លាយ នឹងបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពជនស៊ីវិល ទាហានទាំងសងខាង និងបង្កើនភាពតានតឹង ដោយហេតុនេះធ្វើឲ្យស្មុគស្មាញ ដល់កិច្ចប្រឹងប្រែងឆ្ពោះទៅរកដំណោះស្រាយរួមគ្នា ៕
