បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាក់ថា លោកនឹងជួបសមភាគីរុស្ស៊ី បើទោះជាលោក ពូទីន មិនព្រមជួបប្រធានាធិបតីអ៊ុយក្រែនក៏ដោយ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតី អាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃទី៧ ខែសីហា នៅពេលសួរ ដោយអ្នកសារព័ត៌មាន ថាតើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ត្រូវបង្ខំឱ្យជួបសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky មុនពេលកិច្ចប្រជុំកំពូល អាមេរិក-រុស្ស៊ីថា “ទេ គាត់មិនចាំបាច់ទេ។ ពួកគេចង់ជួបជាមួយខ្ញុំ ហើយខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាង ដែលខ្ញុំអាចធ្វើបាន ដើម្បីបញ្ឈប់ការបង្ហូរឈាម” ។
សេចក្តីថ្លែងការណ៍របស់លោក Trump គឺផ្ទុយនឹងព័ត៌មានដែលចុះផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលបានដកស្រង់សម្តីមន្ត្រីសេតវិមានថា ជំនួបរវាងលោក Vladimir Putin និងលោក Zelensky គឺជាជំនួបមាន “លក្ខខណ្ឌជាមុន” សម្រាប់កិច្ចប្រជុំកំពូលរវាងមេដឹកនាំអាមេរិក និងរុស្ស៊ី។
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ពីមុន បានស្នើឲ្យមានជំនួបកំពូលជាមួយលោក Trump នៅប្រទេសអារ៉ាប់រួម (UAE) ប៉ុន្តែបាននិយាយថា លក្ខខណ្ឌមិនទាន់ហុចឱ្យនៅឡើយ ដើម្បីជួបសមភាគីអ៊ុយក្រែន។
មន្ត្រីសេតវិមាន និងវិមានក្រឹមឡាំងបាននិយាយថា កិច្ចប្រជុំកំពូលនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ប៉ុន្តែមិនបានបញ្ជាក់ពីទីតាំង ឬកាលបរិច្ឆេទជាក់លាក់ណាមួយឡើយ។ ការប្រកាសព្រឹត្តិការណ៍នេះបានធ្វើឡើងបន្ទាប់ពីបេសកជនពិសេស របស់សហរដ្ឋអាមេរិក Steve Witkoff បានជួបជាមួយប្រធានាធិបតីរុស្ស៊ី នៅវិមានក្រឹមឡាំងនៅថ្ងៃទី ៦ ខែសីហា ៕
ប្រែសម្រួលៈ ណៃ តុលា
