ព័ត៌មានជាតិ

លោក​ ថោង ខុន​ នាំយកថវិកា​ និង​ចូលរួមរំលែកទុក្ខ ​សពវរសេនីយ៍ត្រី ប៊ូ ផូ​

កំពង់ធំ៖ លោកបណ្ឌិត  ថោង ខុន ទេសរដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ធំ ​តំណាងលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ​លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៥នេះ បាននាំយកថវិកា និងសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនភរិយា និងក្រុមគ្រួសារនៃសពលវរសេនីយ៍ត្រី ប៊ូ ផូ ជាយោធិន នៃកងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក ដែលបានពលីជីវិត នៅក្នុងសមរភូមិដើម្បីការពារដែនអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីពីសត្រូវឈ្លានពាន ។

នាឱកាសនោះលោកបណ្ឌិត ថោង ខុន បានពាំនាំនូវការរំលែកមរណទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជូនចំពោះភរិយា និងក្រុមគ្រួសារនៃសពវរសេនីយ៍ត្រី ប៊ូ ផូ ព្រមទាំងបានប្រគល់ជូននូវសាររំលែកមរណទុក្ខ និងថវិកាឧបត្ថម្ភរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំនួន ៨០លានរៀល, លោកវង្សី វិស្សុត ៥លានរៀល, លោកអភិបាលខេត្ត ៥លានរៀល, លោក ឧកញ៉ា ទ្រី ភាព ៥លានរៀល, និងថវិការបស់ក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកតាំងគោក ៦,៨៩០,០០០រៀល ដើម្បីជាកិច្ចតបស្នង ចំពោះការធ្វើពលិកម្មសាច់ស្រស់ឈាមស្រស់ ប្រកបដោយភាពមោះមុតអង់អាចក្លាហានរបស់លោក ប៊ូ ផូ នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី។

ព្រមជាមួយនេះលោកបណ្ឌិត ថោង ខុន និងលោក អភិបាលខេត្តកំពង់ធំ និងស្ថាប័នមីក្រូហិញវត្ថុ (ធនាគារប្រាសាក់ និងអង្គការទ្រព្យខ្ញុំ) ក៏បានរួមគ្នាដោះស្រាយនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលជូនដល់ភរិយានៃសព ដោយបានលុបចោលបំណុលជំពាក់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុរបស់គាត់, ជួយសម្រួលដល់ការសិក្សារបស់កូនៗ និងផ្តល់ក្របខណ្ឌយោធា០១កន្លែងសម្រាប់កូន ឬសាច់ញ្ញាតិរបស់គាត់តាមស្ថានភាពជាក់ស្តែង។

តាងនាមរាជរដ្ឋាភិបាលលោកបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ក៏បានថ្លែងអំណរគុណចំពោះស្ថាប័នមីក្រូហិរញវត្ថុទាំងពីរ ដែលបានជួយសម្រួលបន្ទុកដល់គ្រួសារនៃសព និងសូមថ្លែងអំណរគុណ ចំពោះសប្បុរសជន និងញាតិមិត្តជិតឆ្ងាយនៃសព ដែលបានចូលបច្ច័យបុណ្យសពវរសេនីយ៍ត្រី ប៊ូ ផូ ផងដែរ៕ ដោយសំនៀង

To Top