ព័ត៌មានជាតិ

ក្រុមអ្នកសង្កេតការណ៍ អន្តរកាល៧ប្រទេស កំពុងធ្វើដំណើរទៅ បន្ទាត់ព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ លោកស្រីម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក Nazlee Bin Abdul Rahim អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា បាននិងកំពុងធ្វើដំណើរដឹកនាំក្រុមការងារ សម្របសម្រួល សម្រាប់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (Interim Observer Team) ចំនួន ៧ប្រទេស ទៅទៅទស្សនកិច្ច និងត្រួតពិនិត្យនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងទិសខេត្តឧត្តរមានជ័យ ជាថ្មីម្តងទៀត ។

បើតាមលោកស្រីអ្នកនាំពាក្យអះអាងថា នៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់ រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ថា ការចុះទៅនេះ ដើម្បីអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្របតាមខ្លឹមសារដែលបានឯកភាពគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការ ព្រំដែនទូទៅ កម្ពុជា និងថៃ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។

សមាសភាពក្រុមអ្នកសង្កេតការណ៍អន្តរកាល ដែលបានចូលរួម មានចំនួន៧ប្រទេស ដែលកំពុងធ្វើដំណើរទៅបំពេញបេសកកម្ម នៅខេត្តឧត្តរមានជ័យ រួមមាន ៖ អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា (ប្រធាន) , អនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំកម្ពុជា , អនុព័ន្ធយោធាឥណ្ឌូនេស៊ី ប្រចាំកម្ពុជា , អនុព័ន្ធយោធាសិង្ហបុរី ប្រចាំកម្ពុជា មាននិវេសនដ្ឋាន នៅរដ្ឋធានីហាណូយ , ជំនួយការអនុព័ន្ធយោធា វៀតណាមប្រចាំកម្ពុជា , ជំនួយការអនុព័ន្ធយោធា ឡាវប្រចាំកម្ពុជា និងជំនួយការអនុព័ន្ធយោធាហ្វីលីពីនប្រចាំកម្ពុជា៕

To Top