ស្វាយរៀង ៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី ៨ ខែសីហាឆ្នាំ២០២៥បានអញ្ចើញបើកការដ្ឋានសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅចំណុចភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ក្រោមកម្ចីធនាគារអភិវឌ្ឍន៍អាស៉ី ADB ក្នុងតម្លៃជិត ៣០លានដុល្លារ (២៩,០៨៦,៧៤៨.១១ដុល្លារ)។

ក្នុងឱកាសនោះ លោក វង្ស ពិសិដ្ឋ បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខដឹកនាំ របស់រាជរដ្ឋាភិបាល ពិសេសក្នុងនាមក្រសួងជំនាញ តែងបានសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង រហូតសម្រេចការអនុវត្តគម្រោងនេះឡើងលើទឹកដីក្រុងបាវិត ក្រោមកម្ចីឥណទាន របស់ធនាគារអភិវឌ្ឍន៍អាស៉ី(ADB ) បន្ទាប់ពីបានចុះកិច្ចសន្យាទទួលអនុគម្រោងនេះហើយ មានក្រុមហ៊ុនចំនួន១ជាអ្នកទទួលការសាងសង់។
លោកអភិបាលខេត្តបានថ្លែងថា យើងបើកការដ្ឋានសាងសង់អនុគម្រោងទី២ គឺប្រព័ន្ធលូ និងស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់ ដែលត្រូវប្រើពេលវេលាសាងសង់ ចំនួន ៣៦ខែ បញ្ចប់នៅ ឆ្នាំ២០២៨ខាងមុខ ។

លោកបានបន្ថែមថា គម្រោងនេះ គឺពិតជាមានភាពសមស្រប ឆ្លើយតបទៅនឹង តម្រូវការជាក់ស្តែង ហើយនឹងអាចដោះស្រាយ នូវបញ្ហាចំពោះមុខដ៏ មានប្រសិទ្ធភាព និងចំទិសដៅ ដែលមូលដ្ឋានកំពុងជួបប្រទះ និងត្រូវធ្វើការគិតគូរដោះស្រាយ រួមមានហេដ្ឋារចនាសម្ព័ន្ធសាធារណៈ តួយ៉ាងទីលានទុកដាក់សំរាម ក៏ដូចជាប្រព័ន្ធ លូ និងការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់នេះតែម្តងដូច្នេះហើយបានជាគម្រោងនេះ គឺពិតជាសមស្រម ឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការជាក់ស្តែង ដែលវាមិនត្រឹមតែចូលរួមចំណែក ធានាបាននូវការថែរក្សាបរិស្ថានអនាម័យប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមចំណែកលើកកម្ពស់ សុខុមាលភាព របស់ប្រជាពលរដ្ឋទៅអនាគតផងដែរ ៕

