ព័ត៌មានជាតិ

ឧត្ដមសេនីយ៍ទោ សោម ស៊ុន ដឹកនាំសហការីគោរពវិញ្ញាណក្ខន្ធ សពវិរៈយុទ្ធជនពលីក្នុងសមរភូមិ

កំពង់ធំ : នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅគោរពវិញ្ញាណក្ខន្ធសព វីរយុទ្ធជនពលីលោក វរសេនីយ៍ត្រី ប៊ូ ផូ នៅអង្គភាពវរសេនាតូចលេខ៣៨២ កងពលតូចលេខ៨ ចំណុះកងពលធំលេខ៣ ដែលបានពលីជីវិតកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ក្នុងសមរភូមិការពារ បូរណភាពទឹកដីនៅទិសព្រំដែនកម្ពុជា-ថៃ ដែលពិធីនេះប្រព្រឹត្តទៅ នៅគេហដ្ឋាននៃសព ភូមិវាលតូច ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែង នូវការសោកស្ដាយអាឡោះអាល័យ ជាពន់ពេក ចំពោះការបាត់បង់ វីរយុទ្ធជន របស់យើង ដែលបានលះបង់ អាយុជីវិត ដ៏អង់អាចខ្លាហាននៅក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជា ពីការបំពានទឹកដី ពីសំណាក់ពួកចោរសៀមឈ្លានពាន ។  ហើយការលះបង់ដ៏ធំធេងនេះ យើងខ្ញុំទាំងអស់គ្នាជាប្រជាជនកម្ពុជា ចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ  ។ 
ជាមួយនេះផងដែរ ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៍បានសំណេះសំណាល និងជម្រាបជូនក្រុមគ្រួសារសពថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាចងចាំជានិច្ចនូវគុណូបការ:ដ៏ថ្លៃថ្លានេះ  ចារឹកទុកជាប្រវត្តិសាស្រ្ត និងរៀបចំដោះស្រាយគោលនយោបាយ ឧបត្ថម្ភជូនក្រុមគ្រួសារសពឲ្យបានសរម្យ និងពិនិត្យមើលអំពីស្ថានភាពផ្ទះរបស់វីរយុទ្ធជនពលីក្នុងករណីមិនសមរម្យ ដើម្បីរៀបចំសាងសង់ផ្ទះថ្មីជូនគាត់ ឲ្យមានជម្រកស្នាក់នៅបានសមរម្យ ដោយឡែកចំពោះគ្រួសារយោធិនពលី ឬពិការ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសម្រេចលុបចោលនូវបំណុលទាំងស្រុងផងដែរ ។

  ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងនូវការគោរព ដឹងគុណមិនអាចបំភ្លេចបាន នូវវីរភាពអង់អាចក្លាហាន ក្នុងការការពារបូរណភាព ទឹកដីនេះ ដោយបានលំអោនកាយគោរពវិញ្ញាណក្ខន្ធ ដោយក្តីក្តុកក្តួលរំជួលចិត្ត ជាទីបំផុត និងបានសូមបួងសួងដល់ វិញ្ញាណក្ខន្ធវីរយុទ្ធជនយើង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយសំនៀង

To Top