ព័ត៌មានជាតិ

អាកាសយានដ្ឋានអន្តរជាតិតេជោ ដាក់តម្កល់ ព្រះពុទ្ធបដិមាស្ពាន់ កម្ពស់៩ម៉ែត្រ និងទម្ងន់៩តោន ជាការលើកតម្កើងព្រះពុទ្ធសាសនា

កណ្ដាល៖ «ព្រះពុទ្ធបដិមា» ទម្ងន់៩តោន និងកម្ពស់៩ម៉ែត្រ ត្រូវបានដាក់លើបល្ល័ង្ក តម្កល់ក្នុងបរិវេណអាកាសយានដ្ឋានអន្ដរជាតិតេជោ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ដើម្បីបង្ហាញពីរចនាបទ វប្បធម៌ និងការលើកតម្កើងព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ។

ពិធីបែបព្រះពុទ្ធសាសនានេះ បានរៀបចំឡើង ដោយមានការយាងនិមន្ត ពីសម្ដេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនកាណាឌីយ៉ាគ្រុប និងអ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក ដែលប្រារព្ធធ្វើឡើង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ពោលមុន១ខែនៃការបើកដំណើរការជើងហោះហើរ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ ។

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់ថា ការដាក់ព្រះពុទ្ធបដិមានេះ ដោយសារកម្ពុជា កាន់ព្រះពុទ្ធសាសនា ដូច្នេះហើយ អ្វីដែលធ្វើនៅអាកាសយានដ្ឋាននេះ ស្ថិតក្នុងរាល់រចនាបថ និងការរៀបចំយកតាមប្រពៃណី និងវប្បធម៌ខ្មែរសុទ្ធសាធទាំងអស់ ដើម្បីតម្កល់ក្នុងព្រលានថ្មីនេះ។ ជាពិសេស ដើម្បីឱ្យសុខសាន្ត សុខសប្បាយទាំងអស់ ហើយក៏ជាវប្បធម៌ និងដើម្បីឱ្យភ្ញៀវទេសចរទាំងអស់ បានមើលឃើញថា ជាព្រះពុទ្ធមួយអង្គដែលមានតម្លៃ សំខាន់គឺបង្ហាញវប្បធម៌របស់កម្ពុជា។

បើតាមអ្នកឧកញ៉ា ឆារស៍ វ៉ាន់, ក្រៅពីព្រះពុទ្ធបដិមានេះ ក៏នឹងមានដាក់តាំងបន្ថែម អំពីរូបចម្លាក់រចនាបទបែបខ្មែរផ្សេងៗជាច្រើនទៀត នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោនេះ ដែលភាគច្រើន នាំមកពីខេត្តសៀមរាបផងដែរ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕

To Top