បរទេសៈ ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិ (NDSC) បាននិយាយថា ប្រធានាធិបតីស្តីទីមីយ៉ាន់ម៉ា លោក U Myint Swe បានទទួលមរណភាព ក្នុងជន្មាយុ ៧៤ឆ្នាំ នៅទីក្រុង Nay Pyi Taw រដ្ឋធានី នៃប្រទេសមីយ៉ាន់ម៉ា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ។ ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិ បាននិយាយថា ពិធីបុណ្យសពផ្លូវរដ្ឋ នឹងត្រូវធ្វើឡើងសម្រាប់ប្រធានាធិបតីស្តីទី ។
យោងតាមគេហទំព័រ China Daily ចេញផ្សាយកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាម ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិ នៅថ្ងៃទី៥ ខែសីហា លោក U Myint Swe ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជម្ងឺ ប៉ាគីងសុន និងជំងឺសរសៃប្រសាទ ដែលពាក់ព័ន្ធផ្សេងទៀត។
គាត់បានទទួលការព្យាបាលនៅប្រទេសសិង្ហបុរី និងនៅមន្ទីរពេទ្យ No2 Defence Services General Hospital ក្នុងឆ្នាំ 2024 ប៉ុន្តែស្ថានភាពរបស់គាត់កាន់តែអាក្រក់ទៅៗក្នុងខែកក្កដា ឆ្នាំ 2025 ជាមួយនឹងរោគសញ្ញាធ្ងន់ធ្ងររួមទាំងការស្រកទម្ងន់ និងការថយចុះការយល់ដឹង។
ដោយសារស្ថានភាពធ្ងន់ធ្ងរ គាត់បានទទួលការថែទាំយ៉ាងយកចិត្តទុកដាក់នៅ ICU ពិសេសនៃមន្ទីរពេទ្យការពារជាតិលេខ 2 ក្នុងទីក្រុង Nay Pyi Taw ចាប់តាំងពីថ្ងៃទី 24 ខែកក្កដា។
ប្រធានាធិបតីស្តីទីបានឈប់សម្រាក ដើម្បីព្យាបាលតាំងពីខែកក្កដា ឆ្នាំ 2024 ហើយបានផ្ទេរភារកិច្ចទៅឧត្តមសេនីយ Min Aung Hlaing ចាប់តាំងពីពេលនោះមក៕
