ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី លី ធុជ ៖ កម្ពុជា ជាច្រកដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ក្នុងការពង្រីកបណ្តាញក្នុងតំបន់

ភ្នំពេ ៖ លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ច សង្គម សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (អេស្កាប់) បានលើកឡើងថា កម្ពុជា គឺជាច្រកដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ក្នុងការពង្រីកបណ្តាញនៅក្នុងតំបន់ ដោយកម្ពុជាស្ថិតនៅចំណុចកណ្តាល នៃតំបន់អាស៊ាន បានធ្វើសមាហរណកម្ម ស៊ីជម្រៅជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយប្រទេសជាច្រើន ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក លោក លី ធុជ។

នាឱកាសអញ្ជើញជាកិត្តិយសថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងកម្មវិធីបើកកម្មវិធីមហោស្រពម៉ាកយីហោចិនលើកទី១៩ (The 19th China Brand Festival) ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នាទីក្រុងស៊ិនជិន សាធារណរដ្ឋប្រជាមានិតចិន ក្រោមប្រធានបទ «បញ្ញាសិប្បនិម្មិត និងសកលភាវូបនីយកម្ម» លោកទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រនានា ដើម្បីលើកកម្ពស់បរិវត្តកម្ម ឌីជីថលនៅកម្ពុជា សំដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងមានបរិយាបន្ន និងគាំទ្រដល់ការវិនិយោគនៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី ថា «តាមរយៈគោលនយោបាយ និងយុទ្ធសាស្ត្រទាំងនេះ កម្ពុជាបានក្លាយខ្លួនជាគោលដៅវិនិយោគរបស់ក្រុមហ៊ុនបច្ចេកវិទ្យា និងជាដៃគូដ៏មានសក្តានុពលមួយរបស់ចិន។ កម្ពុជា គឺជាច្រកដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ក្នុងការពង្រីកបណ្តាញនៅក្នុងតំបន់ ដោយកម្ពុជាស្ថិតនៅចំណុចកណ្តាល នៃតំបន់អាស៊ាន បានធ្វើសមាហរណកម្មស៊ីជម្រៅជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មជាមួយប្រទេសជាច្រើន ។ ជាមួយគ្នានេះ កម្ពុជាបានបណ្តុះបណ្តាលធនធានមនុស្សជាច្រើន ក្នុងវិស័យបច្ចេកវិទ្យា ដែលអាចបំពេញតម្រូវ ធនធានមនុស្ស និងរួមចំណែកក្នុងភាពជោគជ័យ របស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះ»។

ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្រ្តី បានលើកឡើងអំពីចក្ខុវិស័យ និងតួនាទីដ៏សំខាន់របស់ចិន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ក្នុងការរក្សាស្ថិរភាព និងអភិវឌ្ឍទូទាំងសាកលលោក ជាពិសេសតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និង ផ្លូវ ខណៈពិភពលោក កំពុងតែប្រឈមនឹងបញ្ហា បណ្តាលមកពីជម្លោះប្រដាប់អាវុធ ការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ និងការីកសាយនៃការការពារនិយម ដែលបង្កការគំរាមកំហែងដល់សន្តិភាព និង ច្បាស់ទំលាប់ពិភពលោក បង្កការលំបាកដល់រស់នៅរបស់មនុស្ស និងធ្វើឱ្យមនុស្សជាច្រើនលាននាក់ ធ្លាក់ចូលទៅក្នុងភាពក្រីក្រ ៕

To Top