ភ្នំពេញ៖ កម្ពុជា បានចាប់ផ្ដើមសាកល្បងនាំចេញផ្លែទុរេន ចំនួន២តោន ទៅកាន់ខេត្ដហឺណាន ប្រទេសចិន តាមរយៈជើងហោះហើរ ផ្លូវអាកាស ជាលើកដំបូង ជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្នុងដំណាក់កាល សាកល្បងជាលើកដំបូងនេះ មានផ្លែទុរេនចំនួន២តោន បាននាំចេញទៅកាន់ប្រទេសចិន ហើយចំនួននេះ មិនមែនជាចំនួនជាក់លាក់នោះទេ គឺវានឹងកើនឡើងជាបន្ដបន្ទាប់ តាមការបញ្ជាទិញពីភាគីចិន។

តាមរយៈការនាំចេញតាមផ្លូវអាកាសនេះ ត្រូវបានលោក បួន សារៈមុនី ជឿជាក់ថា កាន់តែរហ័ស ហើយគុណភាពកាន់តែប្រសើរ ពោលព្រោះត្រឹមតែរយៈពេលខ្ទង់៤ម៉ោងប៉ុណ្ណោះ ផ្លែធុរេនរបស់កម្ពុជា នឹងដឹកទៅដល់ប្រទេសចិន ។ តែទោះជាយ៉ាងណា ការប្រើប្រាស់ការដឹកជញ្ជូនតាមផ្លូវអាកាសនេះ ក៏មានការចំណាយខ្ពស់ជាងការដឹកជញ្ជូនតាមផ្លូវ គោក និងផ្លូវទឹកនោះដែរ ។

លោក បួន សារៈមុនី បានថ្លែងថា “ខ្ញុំគិតថា ការនាំចេញតាមផ្លូវអាកាស ជាលើកទីដំបូងនេះ ជាមធ្យោបាយមួយមានប្រសិទ្ធភាព ហើយចម្ងាយដឹកជញ្ជូនពីកម្ពុជាទៅចិន ប្រើរយៈពេលតែ៤ម៉ោងប៉ុណ្ណោះ ដែលផ្ដល់ជូនដល់អ្នកបរិភោគ នូវភាពស្រស់នៃផ្លែធុរេន”។

ទន្ទឹមគ្នានេះ លោក បួន សារៈមុនី ក៏បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដែលបានជួយសម្រួល ក្នុងការដឹកជញ្ជូននេះ ហើយលោករំពឹងថា នឹងមានការនាំចេញច្រើន ជាបន្ដបន្ទាប់ទៀត ព្រោះឃើញថា ភាគីចិន បានធ្វើបញ្ជាទិញពីកម្ពុជាច្រើន ដែលអាចធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវអាកាស មានការកើនឡើង។

គួររំលឹកថា ក្រសួងកសិកម្ម ធ្លាប់បានបញ្ជាក់ថា កម្ពុជា បានទទួលការអនុញ្ញាតជាផ្លូវការ ពីរគ្គរដ្ឋបាលគយចិន (GACC) ដើម្បីចាប់ផ្តើមធ្វើការនាំចេញផ្លែទុរេនស្រស់ ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ស្របតាមពិធីសារ ដែលបានចុះហត្ថលេខា កាលពីខែមេសា។ គិតមកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់ គឺជាកសិផលទី៩ របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករ កន្ទក់អង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន និងម្រេច៕
