ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអះអាងថា សម្ដេចបានបោះចោលសញ្ញាបត្រថៃចូលក្នុងបង្គន់ តាំងពីឆ្នាំ២០០៨ នៅពេលដែលថៃលើកកងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហារ របស់ខ្មែរមកម៉្លេះ ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក នារាត្រីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «គួរអស់សំណើចណាស់ ថ្ងៃនេះសម្ដេចបានលឺថា សាកលវិទ្យាល័យថៃមួយនោះដែលសម្ដេចមិនចាំឈ្មោះផង បានបោះឆ្នោតដកហូតសញ្ញាបត្រពីសម្ដេច។
សម្ដេចបានបញ្ជាក់ប្រាប់ទៅវិញថា មិនបាច់ដកចេញសញ្ញាបត្រពីសម្ដេចនោះទេ ព្រោះសម្ដេចបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ នៅពេលដែលថៃលើកកងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ ! ។
សម្ដេចសង្កត់ធ្ងន់ថា «សញ្ញាបត្ររបស់អ្នកគ្មានតម្លៃណាមួយសម្រាប់ខ្ញុំរក្សាទុកនោះទេ»។
សម្ដេចតេជោ បន្ថែមថា សម្ដេចមិនមានមោទនភាពណាមួយចំពោះក្រដាសសញ្ញាបត្រមួយសន្លឹករបស់អ្នកនោះឡើយ។
សម្ដេចបញ្ជាក់ថា «ខួរក្បាលរបស់ ហ៊ុន សែន មិនមែនកើតចេញពីសាលារបស់អ្នកឯងនោះទេ ខួរក្បាលរបស់ ហ៊ុន សែន គឺកើតចេញពីការបង្រៀនរបស់ប្រជាជនខែ្មរ និងសាលារៀនរបស់កម្ពុជា»៕
