ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្របសម្រួលឱ្យមានសន្តិភាពដោយជោគជ័យ ក្នុងជម្លោះទឹកដីរវាង ប្រទេសអាមេនី និង ប្រទេសអាស៊ែបៃហ្សង់

RT News

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំប្រទេសអាមេនី និង ប្រទេសអាស៊ែបៃហ្សង់ នៅសេតវិមាន សម្រាប់អ្វីដែលលោកហៅថា “កិច្ចប្រជុំកំពូលសន្តិភាពជាប្រវត្តិសាស្ត្រ”។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងអំឡុងពេលព្រឹត្តិការណ៍ថ្ងៃសុក្រ នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan ប្រធានាធិបតី អាស៊ែបៃហ្សង់ លោក Ilham Aliyev និងលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយ ដែលផ្តោតលើការបើកផ្លូវដឹកជញ្ជូនដ៏សំខាន់នៅក្នុងតំបន់ ដែលហៅថាច្រករបៀង Zangezur ។

ផ្លូវនេះតភ្ជាប់ អាស៊ែបៃហ្សង់ ទៅកាន់ច្រក Nakhichevan តាមរយៈដីតូចចង្អៀតដែលមានទីតាំងនៅភាគខាងត្បូងប្រទេស អាមេនី ដែលរត់តាមព្រំដែនរបស់ប្រទេសជាមួយអ៊ីរ៉ង់។

ផ្លូវនេះត្រូវបានបង្កើតឡើង និងដំណើរការដោយក្រុមហ៊ុនអាមេរិក ហើយនឹងត្រូវបានគេស្គាល់ថាជា “ផ្លូវ Trump សម្រាប់សន្តិភាព និងវិបុលភាពអន្តរជាតិ”។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ការ​ដាក់​ឈ្មោះ​ផ្លូវ​តាមឈ្មោះរបស់លោកគឺ​ជា “កិត្តិយស​ដ៏​អស្ចារ្យ” ហើយ​លោកបាន​អះអាង​ថា​ លោក “មិន​បាន​សុំ​ពី​រឿង​ដាក់ឈ្មោះនេះ​ទេ”។

សូមជម្រាបថា ប្រទេសអាមេនី និងប្រទេសអាស៊ែបៃហ្សង់ ដែលនៅជិតខាងគ្នា គឺជាអតីតសាធារណរដ្ឋសូវៀត ដែលត្រូវបានជាប់គាំងនៅក្នុងជម្លោះទឹកដីជុំវិញតំបន់ Nagorno-Karabakh តាំងពីចុងទសវត្សរ៍ឆ្នាំ 1980 ។ តំបន់​ដែល​មាន​ជនជាតិ​ភាគតិច​-អាមេនី​ច្រើន​លើសលុប​បាន​បំបែក​ចេញ​ពី​ទីក្រុង Baku (ប្រទេសអាស៊ែបៃហ្សង់) នៅ​ដើម​ទសវត្សរ៍​ឆ្នាំ 1990 បន្ទាប់​ពី​មាន​សង្រ្គាម​ពេញ​លេញ។ ទឹកដីនេះជាប្រភពនៃភាពតានតឹងឥតឈប់ឈររវាងអាមេនី និងអាស៊ែបៃហ្សង់ អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ដោយឃើញមានការផ្ទុះឡើង និងជម្លោះទ្រង់ទ្រាយធំ មុនពេលដែលទីក្រុង Baku អាចគ្រប់គ្រងតំបន់ឡើងវិញដោយកម្លាំងនៅឆ្នាំ 2023៕

ប្រែសម្រួលៈ ណៃ តុលា

To Top