គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ការស្វែងរកដំណោះស្រាយចំពោះជម្លោះរុស្ស៊ី និងអ៊ុយក្រែន អាចមានប្រសិទ្ធភាព យ៉ាងពិតប្រាកដនៅកម្រិតមេដឹកនាំ។
លោក ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម X ថា “វាចាំបាច់ដើម្បីកំណត់ពេលវេលា សម្រាប់ទម្រង់បែបនេះ និងជួរនៃបញ្ហាដែលត្រូវដោះស្រាយ” ។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានកត់សម្គាល់ថាបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរបស់លោកជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំអឺរ៉ុបមួយចំនួនកាលពីថ្ងៃពុធ លោកក៏បានពិភាក្សាដាច់ដោយឡែកជាមួយអគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Mark Rutte និងប្រធានាធិបតីហ្វាំងឡង់លោក Alexander Stubb ។
ក្រោយមកនៅថ្ងៃព្រហស្បតិ៍ លោក ហ្សេឡិនស្គី គ្រោងនឹងជួបជជែកជាមួយអធិការបតីអាល្លឺម៉ង់លោក Friedrich Merz ក៏ដូចជាតំណាងរបស់ប្រទេសបារាំង និងអ៊ីតាលីផងដែរ។
លោក ហ្សេឡិនស្គី បានលើកឡើងថា អ៊ុយក្រែននឹងធ្វើការឆ្ពោះទៅរកសន្តិភាព “ប្រកបដោយផលិតភាពតាម ដែលអាចធ្វើទៅបាន” ។
កាលពីថ្ងៃពុធ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា លោក ដូណាល់ ត្រាំ មានបំណងជួបផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅសប្តាហ៍ក្រោយ ហើយគ្រោងនឹងតាមដានកិច្ចប្រជុំត្រីភាគី ដែលពាក់ព័ន្ធនឹងលោក ហ្សេឡិនស្គី ដើម្បីឈានទៅដល់ការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា
