ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញចុះពិនិត្យការថែទាំព្យាបាល និង សួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា រាល់ស្នាមរបួសរបស់វីរៈកងទ័ពកម្ពុជា គឺជាសញ្ញានៃកិត្តិយសក្នុងការបម្រើជាតិ ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ។

ក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានបញ្ជូនក្រុមគ្រូពេទ្យ ឯកទេសជំនាញ ជួយដល់មន្ទីរពេទ្យខេត្តជាប់ព្រំដែន ដើម្បីជួយសហការគ្នា ស្មារតីរួមគ្នា ក្នុងការបម្រើសេវាព្យាបាលផ្ទាល់ដល់ប្រជាពលរដ្ឋ ជាពិសេសវីរៈកងទ័ព ។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបន្តថា នេះគឺបានបង្ហាញ ឲ្យពីភាពកក់ក្តៅ ស្មារតីរួមជាតិតែមួយ និងភាពគ្រប់ជ្រុងជ្រោយនៃវិស័យសុខាភិបាល។ ជាមួយគ្នានេះ សាស្រ្តាចារ្យ និងថ្នាក់ដឹកនាំក៏បានសំដែង ការកោតសរសើរ និងគោរព ដឹងគុណដ៏យ៉ាងជ្រាលជ្រៅ ចំពោះវីរៈភាពកងទ័ពដែលបាននិងបន្តខិតខំ ការពារបូរណភាពទឹកដីនៅជួរមុខ ដោយភាពអង់អាចក្លាហាន និងមិនរុញរា ៕









