ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណាបានលើកឡើងថា សំឡេងរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណទាំងក្នុង និងក្រៅប្រទេសដែលបានបន្លឺឡើង ចង់រស់នៅក្រោមដំបូលសុខសន្តិភាព បាននិងកំពុងលាន់លឺទូទាំងសកលលោក ។
ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី៩ សីហា លោក ប៉ែន បូណា បានថ្លែងថា ប្រជាពលរដ្ឋខ្មែរត្រូវតែរួមគ្នា រក្សាសន្តិភាព និងឯកភាពផ្ទៃក្នុង ឲ្យបានរឹងមាំ ដើម្បីបន្តជ្រោងទង់ជាតិរបស់កម្ពុជា និងស្រែកបន្លឺចង់បានសន្តិភាព ក្នុងនាមជាប្រជាជាតិ ដែលស្រឡាញ់ចូលចិត្តសុខសន្តិភាព ។
លោកថា “សំឡេងប្រជាពលរដ្ឋខ្មែរ យើង ដែលលាន់លឺគ្រប់ទិសទី និងគ្រប់ជ្រុងជ្រោយ នៃពិភពលោកកំពុងតែប្រាប់ ទៅដល់សហគមន៍អន្តរជាតិ ឲ្យបានដឹងច្បាស់ថា កម្ពុជាជាប្រជាជាតិមួយ ដែលចង់រួមរស់នៅក្នុងសុខសន្តិភាពរស់នៅ ដោយគ្មានការបំពារបំពាន” ។
អ្នកនាំពាក្យក៏បានអំពាវនាវ ទៅដល់ប្រជាពលរដ្ឋខ្មែរ ត្រូវជឿជាក់លើប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំកម្ពុជា និងវីរៈកងទ័ពកម្ពុជា ដ៏អង់អាចក្លាហានដែលកំពុងឈរជើង នៅសមរភូមិជួរមុខដើម្បីការពារបូរណភាពទឹកដីកម្ពុជា ។
ជាមួយគ្នានេះដែរ លោកប៉ែន បូណាក៏បានសង្កត់ធ្ងន់បន្ថែមទៀត ទៅលើការអនុវត្តយ៉ាងម៉ឹងម៉ាត់ ចំពោះបទឈប់បាញ់ ដែលបានចូលជាធរមានកាលពីរាត្រីថ្ងៃ២៨ កក្កដារបស់កម្ពុជា ទៅតាមការចង់បានរបស់សហគមន៍អន្តរជាតិ ដែលមានសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី ៕
