ពោធិ៍សាត់ ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងលោក ខូយ រីដា អភិបាល ខេត្តពោធិ៍សាត់ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការ ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពល ពន្លឺព្រះអាទិត្យ អានុភាព ១០មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល របស់ក្រុមហ៊ុន SchneiTec ZEALOUS។ ពិធីនេះ ត្រូវបានធ្វើឡើង នៅទីតាំងគម្រោង ស្ថិតក្នុងភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោក ខូយ រីដា អភិបាលខេត្ត បានថ្លែងថា ខេត្តពោធិ៍សាត់ ចាត់ទុកជាខេត្តដែលឈានមុខគេមួយ ក្នុងការផលិតថាមពលអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ និងប្រភពវារីអគ្គីសនី ដែលមានរហូតដល់ទៅ៣ទីតាំង សម្រាប់ផ្គត់ផ្គង់ក្នុងខេត្ត និងការនាំចេញ។

លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានឱ្យដឹងថា គម្រោងថាមពលពន្លឺព្រះអាទិត្យ និងប្រព័ន្ធអាគុយស្តុក ថាមពលនៅទីនេះ នឹងរួមចំណែកបំពេញតម្រូវការអគ្គិសនីដែលកំពុងកើនឡើងរបស់កម្ពុជា និងតម្រូវការ សម្រាប់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។ លើសពីនេះ គម្រោងនេះនឹងរួមចំណែកដល់ការសម្រេចបាន នូវគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ របស់ប្រទេសជប៉ុន តាមរយៈJCM ដែរនេះ ពិត ជា គម្រោង ឈ្នះ- ឈ្នះ សម្រាប់ ប្រទេស ជប៉ុន និងប្រទេសកម្ពុជា ។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា គម្រោងនេះពិតជាមានសារៈសំខាន់ សម្រាប់ឆ្លើយតបទៅ នឹងវឌ្ឍនភាព នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងខេត្តពោធិ៍សាត់ ដែលទាមទារនូវការប្រើប្រាស់ថាមពលអគ្គិសនី កាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ។

លោក សង្ឃឹមថា គម្រោងនេះនឹងជួយផ្គត់ផ្គង់ដល់បណ្តាញជាតិ សម្រាប់ការប្រើប្រាស់យ៉ាងទូលំទូលាយ និងការបង្កើតថាមពលកកើតឡើងវិញ នៅក្នុងប្រទេសកម្ពុជា ធានាបាននូវការផ្គត់ផ្គង់ថាមពល ដែលមានស្ថេរភាព ដោយប្រើប្រភពថាមពលកាបូនទាប និងត្រួសត្រាយផ្លូវ ទៅកាន់ការសម្រេចបាននូវអព្យាក្រឹតភាពកាបូន៕





