ព័ត៌មានជាតិ

WHO ផ្តល់ឱសថ សម្ភារ និងបរិក្ខារវេជ្ជសាស្រ្ត ជួយពលរដ្ឋរងគ្រោះ តាមព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ អង្គការសុខភាពពិភពលោក(WHO) តាមរយៈក្រសួងសុខាភិបាលកម្ពុជា បានផ្តល់ឱសថ សម្ភារ និងបរិក្ខារវេជ្ជសាស្រ្ត សម្រាប់ជួយទៅដ ល់ប្រជាពលរដ្ឋរងគ្រោះ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។

ក្នុងពិធីប្រគល់-ទទួលឱសថ សម្ភារ និង បរិក្ខាវេជ្ជសាស្ត្រ នាថ្ងៃ៨ សីហា លោកសាស្រ្តាចារ្យ ឈាង រ៉ា សាស្រ្តាចារ្យរដ្ឋមន្ត្រី បានលើកឡើង ពីការរួមចំណែកដ៏ធំធេង របស់អង្គការសុខភាពពិភពលោក ដែលបាននិងកំពុងគាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា យ៉ាងសកម្ម តាមរយៈជំនួយឥតសំណង សម្រាប់ការអភិវឌ្ឍន៍វិស័យសុខាភិបាល ស្របទៅនឹងយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល ជួយឲ្យប្រសើរឡើង នូវសុខភាព-សុខុមាលភាព ប្រជាពលរដ្ឋរងគ្រោះនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

សាស្រ្តាចារ្យរដ្ឋមន្ត្រីបន្ថែមទៀតថា ជំនួយនិងការគាំទ្រ ដ៏មានតម្លៃរបស់អង្គការសុខភាពពិភពលោក ក៏ជាការរួមចំណែកដ៏សំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹង ប្រព័ន្ធសុខាភិបាលកម្ពុជា ក្នុងការការពារ ការរកឃើញ និងការឆ្លើយតបទៅនឹងជំងឺឆ្លង ជំងឺមិនឆ្លង មាតា ទារក កុមារ និងប្រជាពលរដ្ឋរងគ្រោះ ជាពិសេសការផ្គត់ផ្គង់ទាំងនេះ នឹងអនុញ្ញាតឲ្យបុគ្គលិកសុខាភិបាលជួរមុខ ផ្តល់សេវាសង្គ្រោះដល់ប្រជាជនរងគ្រោះ ដែលផ្លាស់ទីលំនៅ ក្នុងតំបន់ដែលមានហានិភ័យខ្ពស់ ។

សាស្រ្តាចារ្យរដ្ឋមន្ត្រីបន្តថា លើសពីនេះទៀត WHO កំពុងផ្តល់ការគាំទ្រ ផ្នែកបច្ចេកទេសសម្រាប់ការវាយតម្លៃហានិភ័យ ការវិភាគស្ថានភាពសុខភាព សាធារណៈ និងការទំនាក់ទំនងហានិភ័យ ។ ការគាំទ្រដ៏សំខាន់នេះ ឆ្លុះបញ្ចាំងមិនត្រឹមតែភាព ជាអ្នកដឹកនាំសកលរបស់អង្គការ សុខភាពពិភពលោកក្នុងការឆ្លើយតបគ្រោះអាសន្ន ផ្នែកសុខភាពប៉ុណ្ណោះទេ ប៉ុន្តែក៏មានស្មារតីរឹងមាំនៃសាមគ្គីភាព និងភាពជាដៃគូដែលយើងបានកសាង ជាមួយគ្នាអស់ជាច្រើនឆ្នាំមកនេះ ៕

To Top