ព័ត៌មានជាតិ

ទោះស្ថានភាពព្រំដែនស្ងប់ស្ងាត់ តែកងទ័ពខ្មែរ ប្រយ័ត្នជាប់ជានិច្ច

ភ្នំពេញ ៖អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីម៉ាលី សុជាតា បានលើកឡើងថា ទោះបីជាស្ថានភាពព្រំដែនកម្ពុជា-ថៃមានលក្ខណៈស្ងប់ស្ងាត់ ប៉ុន្តែកងទ័ពរបស់កម្ពុជាមិនធ្វេសប្រហែសឡើយ គឺមានការប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះភាគីម្ខាងទៀត។

ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ លោកស្រីម៉ាលី សុជាតា បានថ្លែងថា ស្ថានភាពនៅតំបន់ជួរមុខ ស្ថិតនៅក្នុងទិសខេត្តឧត្តរមានជ័យ និងព្រះវិហារមិនមានបញ្ហាអ្វីកើតឡើង គួរឲ្យកត់សម្គាល់នោះទេ ពោលគឺមានភាពស្ងប់ស្ងាត់ជាធម្មតា ។

លោកស្រីបន្តថា “ស្ថានការណ៍នៅជួរមុខ គឺនៅវេលាម៉ោងចាប់ពីម៉ោង៦ព្រឹកនៅថ្ងៃ៩ សីហា ឆ្នាំ២០២៥នេះ មកដល់ម៉ោង១០ព្រឹកនេះ សភាពការណ៍នៅជួរមុខ តាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យមានសភាពស្ងប់ស្ងាត់។ កងកំលាំងរបស់យើង ស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ក្នុងការបំពេញ តួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុត”។

អ្នកនាំពាក្យក៏បានបន្ថែមពីលទ្ធផលវិជ្ជមាន ដែលកើតចេញពីកិច្ចប្រជុំ GBC កាលពីថ្ងៃ៧ សីហាកន្លងមកថា បានឆ្លុះបញ្ចាំងឲ្យពីការតាំងចិត្ត របស់ភាគីទាំងពីរ ក្នុងកិច្ចសហការគ្នាដើម្បីជំរុញឲ្យមានសន្តិភាព ដ៏យូរអង្វែង ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ដើម្បីជាឧត្តមផលប្រយោជន៍រួម របស់ប្រទេសទាំងពីរ ៕

To Top