ព័ត៌មានជាតិ

សេវាមន្ទីរពិសោធន៍ ជាយុទ្ធសាស្រ្តស្នូលមួយ ក្នុងការគាំទ្រថែទាំ ព្យាបាល និងឆ្លើយតបការផ្ទុះរាលដាលជំងឺឆ្លង

ភ្នំពេញ ៖ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ ដល់មន្ទីរពិសោធន៍ ដែលបានទទួលស្គាល់គុណភាព ស្តង់ដាអន្តរជាតិ ISO 15189 Plus នាថ្ងៃ៨ សីហា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ការពង្រឹងសេវាមន្ទីរពិសោធន៍ តាមគ្រឹះស្ថានសាធារណៈ និងឯកជននៅទូទាំងប្រទេស គឺជាយុទ្ធសាស្រ្តស្នូលមួយ សម្រាប់គាំទ្រការងារថែទាំ និងព្យាបាល និងឆ្លើយតបការផ្ទុះរាលដាលនៃជំងឺឆ្លង។

វិញ្ញាបនបត្រដែលប្រគល់ដល់មន្ទីរពិសោធន៍ ដែលបានទទួលស្គាល់គុណភាពស្តង់ដាអន្តរជាតិ ISO 15189 Plusនោះចំនួន ៣ រួមមាន ៖ វិទ្យាស្ថានជាតិសុខភាពសាធារណៈ , មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលមានសុពលភាពចាប់ពីឆ្នាំ២០២៥ ដល់២០២៩ ។

នាឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំមន្រ្តីមន្ទីរពិសោធន៍ទូទាំងប្រទេសត្រូវហ៊ានដាក់គោលដៅខ្ពស់សម្រាប់គុណភាពមន្ទីរពិសោធន៍ ហើយត្រូវខិតខំប្រឹងប្រែង រក្សានិរន្តរភាពនៃគុណភាព មុននឹងឈានទៅពង្រើក និងពង្រឹងសេវាថ្មីបន្ថែមទៀត ដែលលទ្ធផលចុងក្រោយ ប្រទេសកម្ពុជា នឹងមានមន្ទីរពិសោធន៍ វេជ្ជសាស្រ្តដែលមានគុណភាពនៅទូទាំងប្រទេស។ បន្ថែមពីលើនេះ មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ទាំងអស់ត្រូវចូលរួមបង្កើត ជាប្រពន្ធ័ប្រទាក់ក្រឡាគ្នាមួយសម្រាប់តាមដាន និងគ្រប់គ្រងមេរោគដែលអាចបង្ករជាជំងឺរាតត្បាតនៅក្នុងប្រទេស ឬក្នុងតំបន់ ឬនៅលើសកលលោក។

សាស្រ្តាចារ្យ បានផ្តល់ អនុសាសន៍មួយចំនួន ដើម្បីពង្រឹងដល់ការងារគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ ដូចជា ៖ អ្នកបច្ចេកទេសមន្ទីរ ពិសោធន៍ ត្រូវខិតខំសិក្សាបន្ថែម ដើម្បីបង្កើនសមត្ថភាពបច្ចេកទេស ឈានឡើងមួយកម្រិតទៀត , វិទ្យាស្ថានត្រូវចូលរួមគិតគូរ និងរៀបចំគោលនយោបាយ គ្រប់គ្រងគុណភាពសេវាមន្ទីរពិសោធន៍នៅកម្ពុជាឲ្យស្របទៅនឹងបរិបទរបស់ប្រទេស និងមានលក្ខណៈកាន់តែប្រសើរ ដើម្បីធានាបាននូវនិរន្តរភាព នៃគុណភាពមន្ទីរពិសោធន៍ , មន្ទីរពិសោធន៍ទាំងសាធារណៈ និង ឯកជនទាំងអស់ ត្រូវអនុវត្តកម្មវិធីកែលំអគុណភាពជាប្រចាំ ដើម្បីធានាបានសេវា ធ្វើតេស្តដែលមានគុណភាព ជូនដល់ប្រជាជន និងទទួលស្គាល់គុណភាពថ្នាក់ជាតិ និងអន្តរជាតិ និងរៀបចំប្រព័ន្ធមន្ទីរ ពិសោធន៍សាធារណៈមួយ ដែលមានគុណភាព ប្រទាក់ក្រទ្បាគ្នា និង ឆ្លើយឆ្លងបានទាន់ពេលវេលា ក្នុងការត្រៀមខ្លួនឆ្លើយតបទៅនឹងការផ្ទុះជំងឺ និងបម្រើសេវាសុខាភិបាល កាន់តែទូលំទូលាយ ៕

To Top