ភ្នំពេញ៖ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង លោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយថ្នាក់ដឹកនាំក្រសួង បានជួបសំណេះសំណាលជាមួយបងប្អូនប្រធានសហព័ន្ធសហជីពចំនួន ១៣៦ ដើម្បីបង្កើនភាពជាដៃគូរវាងក្រសួង និងថ្នាក់ដឹកនាំសហព័ន្ធសហជីព ជាពិសេស ជំរុញឱ្យសហជីពចូលរួមផ្សព្វផ្សាយឱកាសការងារជូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។

ពិធីសំណេះសំណាលប្រចាំខែនេះ ជាវេទិកាសម្រាប់បន្តពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងភាពជាដៃគូរវាងក្រសួង និងថ្នាក់ដឹកនាំសហជីព ផ្លាស់ប្តូរយោបល់ ពិភាក្សាគ្នាលើសភាពការណ៍ថ្មីៗ បញ្ហាប្រឈម សំដៅដល់ការចូលរួមសម្របសម្រួល និងដោះស្រាយឱ្យបានទាន់ពេលវេលាស្របតាមច្បាប់ស្តីពីការងារ ដើម្បីធានាបាននូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោករដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណ និងកោតសសើរចំពោះសហព័ន្ធសហជីពទាំងអស់ដែលបានបង្ហាញនូវស្មារតីគាំទ្រយ៉ាងពេញទំហឹងលើចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ។ លោកបានជំរុញឱ្យសហជីពចូលរួមឱ្យសកម្មថែមទៀត ដើម្បីផ្សព្វផ្សាយឱកាសការងារជូនបងប្អូនពលករខ្មែរដែលទើបបានត្រឡប់មកពីប្រទេសថៃ និងជួយសម្របសម្រួលពួកគាត់ឱ្យចូលធ្វើការងារក្នុងរោងចក្រ សហគ្រាស ឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការ បានណែនាំឱ្យបងប្អូនសហព័ន្ធសហជីពបង្កើននូវសាមគ្គីភាព ពិភាក្សាគ្នា ផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក ដើម្បីរួមគ្នាបង្ការបញ្ហាប្រឈមដែលនឹងអាចកើតឡើង៕






