ព័ត៌មានជាតិ

កម្ពុជា ព្រួយបារម្ភ ចំពោះភាពអវិជ្ជមានរបស់ថៃ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងបរទេសកម្ពុជា លោក ជុំ សុន្ទរី បានបង្ហាញក្តីបារម្ភចំពោះសកម្មភាពអវិជ្ជមានមួយចំនួន របស់គ្រប់មន្រ្តីនៃរដ្ឋាភិបាលថៃ ដែលបានបង្ហាញពីការរំលោភបំពានកម្ពុជាម្តងទៀត ដោយមិនព្រមគោរពបទឈប់បាញ់ និងការឯកភាពគ្នាក្នុងកិច្ចប្រជុំGBC។

អ្នកនាំពាក្យក្រសួងបរទេសកម្ពុជា បានថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី១១ សីហាថា កម្ពុជាបារម្ភចំពោះសកម្មភាពរបស់ភាគីថៃ ខណៈថ្មីនេះៗភាគីថៃបានបង្ហាញពីសកម្មភាពអវិជ្ជមាន មួយចំនួនក្នុងន័យបង្កលក្ខណៈបំពានមកកម្ពុជាឥតឈប់ឈរ តាមរយៈការចោទកម្ពុជាបានដាក់គ្រាប់មីនថ្មី និងថាបានវាយប្រហារទៅលើគោលដៅជនស៊ីវិលរបស់ខ្លួន ជាពិសេសមេភូមិភាគទី២របស់ថៃលោក ប៊ុនស៊ីន ផាត់ឃ្លាំងបានប្រកាសជាសាធារណៈ ដោយគ្មានកោតញញើតចំពោះច្បាប់អន្តរជាតិថា នឹងដណ្តើមកាន់កាប់ប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។

ផ្ទុយពីសកម្មភាពខុសច្បាប់របស់ថៃ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានអះអាងម្តងទៀតថា កម្ពុជាបានតាំងចិត្តយ៉ាងមុតមាំរាល់ចំណុច ដែលមានការឯកភាពគ្នារវាងប្រទេសទាំងពីរ ។ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល លោកក៏បានជំរុញទៅភាគីថៃឲ្យគោរពការឯកភាពគ្នាទាំង ១៣ចំណុចក្នុងកិច្ចប្រជុំ GBC ៕

To Top