«៨០ឆ្នាំនៃជ័យជម្នះ របស់ប្រជាជាតិចិន ចំពោះសង្គ្រាមប្រឆាំង នឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមលោកប្រឆាំង នឹងពួកហ្វាស៊ីស» ត្រូវបានប្រវត្តិវិទូសកលលោក បានឯកភាពរួមគ្នាថា ជាការប្រយុទ្ធដើម្បីផ្តល់ភាពយុត្តិធម៌ ប្រឆាំងនឹងអំពើទុច្ចរិត ដើម្បីពន្លឺប្រឆាំងនឹងភាពងងឹត និងដើម្បីវឌ្ឍនភាពសកលប្រឆាំង នឹងសកម្មភាពប្រតិកិរិយា របស់ជប៉ុននិងពួកហ្វាសីស ។
ប្រជាជនចិនដែលមាន ហ្សែនសន្តិភាព និយមបានក្រោកឡើងធ្វើសង្គ្រាមប្រឆាំង នឹងការឈ្លានពានរបស់ជប៉ុន បើទោះបីជាវីរជនចិន មិនពេញចិត្តនឹងសង្គ្រាម បែបណាក៏ដោយ ក៏ពួកលោកបានត្រៀមខ្លួន សម្រាប់សង្គ្រាមដើម្បីសន្តិភាព។ ជាសច្ចភាព ក្នុងការប្រឆាំងនឹងពួកឈ្លានពានជប៉ុន កុលបុត្រ-កុលធីតាចិនដ៏រឹងមាំ បានប្រយុទ្ធក្នុងថ្លុកឈាមជាមួយនឹង ភាពក្លាហាន ដោយផ្តើមពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៣១ បើទោះបីជាយោធាជប៉ុន បានបើកសង្គ្រាម ដ៏រំលោភរំលាយ និងបង្កការបាត់បង់ជីវិតដល់ប្រជាជនចិន រាប់សិនលាននាក់យ៉ាងណាក៏ដោយ ក៏ប្រជាជនចិនបន្តការតស៊ូ ប្រឆាំងនឹងការឈ្លានពាន ដោយយកអាទិភាពដល់ការពារជាតិនិង មនុស្សជាតិ ។ ប្រទេសចិនបានក្លាយជាកម្លាំងសំខាន់មួយ របស់ពិភពលោកដែលបានចូលរួមបញ្ចប់សង្គ្រាម លោកលើកទីពីរ ហើយទីបំផុតកាលពី៨០ឆ្នាំមុន ប្រទេសចិនបានទទួលបាន ជ័យជម្នះទៅលើពួកយោធា និយមជប៉ុនដែលជាអ្នកឈ្លានពាន ។ ជាលទ្ធផលប្រជាជាតិចិនមិនត្រឹមថែរក្សាបាននូវសមិទ្ធផល នៃអរិយធម៌អាយុ៥០០០ឆ្នាំរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបានការពារ នូវបុព្វហេតុ សន្តិភាពសម្រាប់មនុស្សជាតិផងដែរ ។ ជ័យជម្នះដ៏គួរឲ្យកត់សម្គាល់ នៃប្រជាជាតិចិននេះ គួរទទួលបានមេដាយជើងឯក នៃការថែរក្សាសន្តិភាពជូនដល់ពិភពលោក ហើយប្រទេសចិន គឺជាសមាជិកស្ថាបនិក របស់អង្គការសហប្រជាជាតិ ហើយក៏ជាប្រទេសដំបូងគេបង្អស់ ដែលបានចុះហត្ថលេខាលើធម្មនុញ្ញ អង្គការសហប្រជាជាតិ ។ ប្រទេសចិន តែងប្រកាន់ខ្ជាប់យ៉ាងរឹងមាំ នូវប្រព័ន្ធអន្ដរជាតិដែលមានអង្គការ សហប្រជាជាតិជាស្នូល ដែលជាបទដ្ឋានមូលដ្ឋានរបស់ខ្លួន ក្នុងទំនាក់ទំនងអន្តរជាតិដោយទាញ ភ្ជាប់ នូវគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាតួនាទីស្នូលរបស់អង្គការនេះ នៅក្នុងកិច្ចការអន្តរជាតិនានា។
«៨០ឆ្នាំនៃជ័យជម្នះរបស់ប្រជាជាតិចិន ចំពោះសង្គ្រាមប្រឆាំងនឹងការ ឈ្លានពានរបស់ជប៉ុន និងសង្គ្រាមលោកប្រឆាំង នឹងពួកហ្វាស៊ីស» គឺជាជ័យជម្នះពេញលេញដំបូងបំផុត ដែលប្រទេសចិនបានយកឈ្នះ នៅក្នុងការ តស៊ូប្រឆាំងនឹងការឈ្លានពានរបស់បរទេស នាសម័យទំនើប ហើយក៏ជាជ័យជម្នះដ៏អស្ចារ្យ នេះបានកម្ទេចការប៉ុនប៉ងរបស់យោធានិយមជប៉ុន ក្នុងការធ្វើអាណានិគម និងយកជនជាតិចិន ធ្វើជាទាសករ ហើយជ័យជម្នះដ៏មហិមានេះ បានផ្តល់ នូវសេចក្តីស្រឡាញ់សន្តិភាពទាំងអស់ ពីប្រជាជនចិនជូនដល់មនុស្សជាតិក្នុងពិភពលោក ។ ជាសច្ចភាពដែលពិភពលោក បានទទួលស្គាល់ នោះគឺជ័យជម្នះដ៏អស្ចារ្យនេះ បានផ្តល់ដល់ពិភពលោក រួមកម្លាំងប្រកៀកស្មារគ្នា កាន់តែជិតស្និទ្ធ ជាមួយប្រទេសចិន ក្នុងការថែរក្សាតម្លៃកាន់តែខ្លាំងក្លាបន្ថែមទៀត ដល់សន្តិភាព ស្របពេលដែលពិភពលោក បាននិងកំពុងស្ថិត ក្នុងបម្រែបម្រួលដ៏ខ្លាំង ដែលមិនធ្លាប់មាន ជាពិសេសគឺប្រឈម នឹងស្ថានភាពដ៏ស្មុគស្មាញ នៃភូមិសាស្រ្តនយោបាយ និងភាពផុយស្រួយ នៃការប៉ះទង្គិចគ្នាដោយអាវុធ ដោយសង្គ្រាមគឺជាដាវពិឃាត ដែលនៅតែព្យួរនៅលើមនុស្សជាតិ ។ បើទោះបីជាអតីតកាលមិនអាចផ្លាស់ប្តូរបានទេ ប៉ុន្តែអនាគតអាចមានរូបរាង ប្រជាជនចិនចងចាំប្រវត្តិសាស្ត្រ៨០ឆ្នាំកន្លងមក មិនមែនដើម្បីបន្តការស្អប់ខ្ពើមជាតិ សាសន៍ដទៃឡើយ ផ្ទុយទៅវិញ ប្រជាជនចិនបានផ្តល់ នូវទស្សនៈប្រកបដោយគុណតម្លៃថា គោលបំណងនៃស្មារតីជ័យជម្នះកាលពី៨០ឆ្នាំ គឺដើម្បីធានាថាមនុស្សជាតិ មិនភ្លេចមេរៀនដែលបង្កឡើង ដោយសង្គ្រាមឈ្លានពានរបស់ជប៉ុន។

«៨០ឆ្នាំនៃជ័យជម្នះរបស់ប្រជាជាតិចិន ចំពោះសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមលោកប្រឆាំងនឹងពួកហ្វាស៊ីស» បានរំលេចយ៉ាងប្រត្យក្សថា សង្គ្រាមប្រៀបដូចជាកញ្ចក់ ដែលជួយឱ្យមនុស្សជាតិមើលឡើងវិញ ពីតម្លៃកាន់តែខ្លាំងនៃវីរជនចិន ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការនាំយកសន្តិភាពជូនពិភពលោក ។ ដើម្បីផលប្រយោជន៍នៃសន្តិភាព ប្រទេសចិនតែងជំរុញ នូវមនសិការមុតមាំចំពោះសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ដោយភក្ដីភាពរបស់ចិន ចំពោះសន្តិភាពមិនត្រឹមតែជាចក្ខុវិស័យនយោបាយទេ ថែមទាំងជាសីលធម៌នយោបាយ ហើយប្រទេសចិន តែងបានផ្តល់ជំនួយដល់ប្រទេសកំពុងអភិវឌ្ឍ ជួយស្ដារឡើងវិញដល់ប្រទេសក្រោយសង្គ្រាម និងបានចូលរួមយ៉ាងសកម្ម ក្នុងនាមជាអ្នកថែរក្សាសន្តិភាព ទៅទូទាំងពិភពលោកក្រោមយន្តការរបស់អង្គការសហប្រជាជាតិ ដែលជាការឆ្លើយតបនឹង សំណួរដែលថា តើនឹងមានអ្វីកើតឡើង ប្រសិនបើប្រទេសទាំងអស់រួមកម្លាំងឯកភាពជាមួយចិន?
«៨០ឆ្នាំនៃជ័យជម្នះរបស់ប្រជាជាតិចិន ចំពោះសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមលោកប្រឆាំងនឹងពួកហ្វាស៊ីស» បានផ្តល់ទឡ្ហីករណ៍ថា ការរំលឹកឡើងវិញ នូវអតីតកាលកាលពី៨០ឆ្នាំមុន មិនមែន ដើម្បីបង្កើតការសងសឹកទេ ប៉ុន្តែដើម្បីរំឭកថា «សន្តិភាពមានគុណ តម្លៃមហាសាល ហើយត្រូវការពារ ឱ្យបានគង់វង្សទោះស្ថិតក្នុងតម្លៃណាក៏ដោយ»។ ការណ៍នេះបានបញ្ជាក់ជូនដល់មនុស្សជាតិថា តាំងពីបុរាណកាលមក ប្រជាជាតិចិនតែងតែស្រឡាញ់សន្តិភាព ហើយមិនថាប្រទេសចិនមានភាពរឹងមាំប៉ុនណានោះទេ ប្រទេសចិននឹងមិនធ្វើអនុត្តរភាព ឬធ្វើការពង្រីកទឹកដីខ្លួននោះទេ ។ ប្រទេសចិននឹងមិនធ្វើ ឲ្យមានសេចក្តីទុក្ខសោកដែលកើតឡើង ពីអតីតកាលរបស់ខ្លួនដាក់ទៅ លើប្រជាជាតិផ្សេងទៀតណាមួយនោះឡើយ។ ប្រជាជនចិនបានប្តេជ្ញាបន្តទំនាក់ទំនងមិត្តភាពជាមួយប្រជាជនផ្សេងៗ ការពារជ័យជម្នះរបស់សង្គ្រាម ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននៃប្រជាជនចិន និងសង្គ្រាមលោក ប្រឆាំង នឹងពួកហ្វាស៊ីស ហើយរួមចំណែកកាន់តែច្រើនដល់មនុស្សជាតិ ព្រោះប្រទេសចិន បានបង្ហាញយ៉ាងច្បាស់ថា ភក្ដីភាពចំពោះសន្តិភាព និងការអភិវឌ្ឍមិនមែនជាគោល នយោបាយបណ្ដោះអាសន្នរបស់ខ្លួននោះទេ ប៉ុន្តែជាគោលនយោបាយរឹងមាំ ដែលមានភាពប្រាកដប្រជាដោយកើតចេញពីបទពិសោធន៍ឈឺចាប់ក្នុងអតីតកាលពីសង្គ្រាមប្រឆាំងជប៉ុនមកដល់សតវត្សរ៍ទី២១នេះ ប្រទេសចិនតែងឈរជាភ្នាក់ងារសំខាន់ក្នុងការជំរុញសន្តិភាព និងអភិវឌ្ឍប្រកបដោយចីរភាពលើវិស័យសេដ្ឋកិច្ច សង្គម និងវប្បធម៌ ហើយក៏ជាការផ្តល់ចម្លើយដល់មនុស្សជាតិទាំងមូល ប្រសិនជាអាចរៀនពីបទពិសោធន៍របស់ប្រទេសចិន ដោយប្រកាន់ខ្ជាប់នូវគោលដៅសន្តិភាពដូចគ្នា នោះពិភពលោកនឹងមានសុភមង្គល និងស្ថិរភាពយូរអង្វែងជានិច្ច។
ជារួម «៨០ឆ្នាំនៃជ័យជម្នះរបស់ប្រជាជាតិចិន ចំពោះសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមលោកប្រឆាំងនឹងពួកហ្វាស៊ីស» ប្រទេសចិនបានលាតត្រដាងការពិត ជូនដល់ពិភពលោក ហើយផ្តល់អំណះអំណាង ច្បាស់លាស់ថា ប្រទេសចិន មិនមែនជាប្រទេសប្រកាន់ យុទ្ធសាស្ត្រសង្គ្រាមនោះឡើយ ប្រទេសចិន តាំងពីបុរាណកាលមកបានអះអាងដោយស្មោះត្រង់ថា «សន្តិភាព គឺជាគោលនយោបាយជាតិ» ហើយការលើកស្ទួយប្រាជ្ញាចិនស្តីពី«កិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិ» ទើបជាគោលបំណង របស់ប្រទេសចិនក្នុងការថែរក្សាសន្តិភាព និងបង្កើនវឌ្ឍនភាពនៃការអភិវឌ្ឍ ដើម្បីចែករំលែកផលប្រយោជន៍ឈ្នះ-ឈ្នះជាសកល៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន
