ស្ថានភាពព្រំដែន កម្ពុជា-ថៃ មិនមានបញ្ហាអ្វីកើតឡើងទេ

ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបន្តអះអាងថា រហូតមកដល់រសៀលថ្ងៃ១១ សីហានេះ ស្ថានភាពនៅតាមបន្ទាត់ព្រំដែន ជួរមុខមានលក្ខណៈសភាពស្ងប់ស្ងាត់ ប៉ុន្តែទោះបីជាយ៉ាងណាកងទ័ពកម្ពុជា ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ។
ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»នារសៀលថ្ងៃ១១ សីហានេះលោកស្រីម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ក្រោយមានការឯកភាពគ្នារវាងកម្ពុជា-ថៃកាលពីថ្ងៃ៧ សីហារួចមក គឺថាស្ថានភាពព្រំដែន ពុំបញ្ហាអ្វីកើតឡើងទេ គួរឲ្យកត់សម្គាល់នោះទេ ។
លោកស្រីថា ចាប់តាំងពីម៉ោង១០ព្រឹករហូតមកដល់ម៉ោង៣រសៀលថ្ងៃ១១ សីហានេះ ស្ថានការណ៍នៅទិសខេត្តឧត្តរមានជ័យ និងទិសខេត្តព្រះវិហារ មានសភាពការណ៍ស្ងប់ស្ងាត់ល្អ ។
លោកស្រីបញ្ជាក់ថា “ស្ថានភាពនៅខេត្តឧត្តរមានជ័យ និងព្រះវិហារ មានសភាពស្ងប់ស្ងាត់ ។ កងកំលាំងរបស់យើងស្ថិត នៅក្នុងការប្រុងប្រយ័ត្នខ្ពស់នៅក្នុងការបំពេញតួនាទី របស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន” ។
លោកស្រីអ្នកនាំពាក្យបន្តថា ចំពោះលទ្ធផលកើតចេញពីកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃ៧ សីហា បានឆ្លុះបញ្ចាំងឲ្យឃើញ នូវការតាំងចិត្តរបស់ភាគីកម្ពុជា-ថៃក្នុងកិច្ចសហការគ្នា ដើម្បីជំរុញឲ្យមានសន្តិភាពយូរអង្វែង ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍដើម្បីជា ឧត្តមផលប្រយោជន៍រួមគ្នា៕
