ព័ត៌មានជាតិ

រដ្ឋសភាកម្ពុជា ខកចិត្តយ៉ាងខ្លាំង ចំពោះការប្រកាសគាំទ្ររបស់ប្រធានរដ្ឋសភាថៃ នូវផែនការមុនចូលនិវត្តន៍ របស់មេបញ្ជាការយោធភូមិភាគទី២

ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះការប្រកាសគាំទ្ររបស់ លោក វ៉ាន់មូហាម៉ាត់ ណ័រមៈថា ប្រធានសភាតំណាងរាស្ត្រ និងជាប្រធានរដ្ឋសភាថៃ ចំពោះលោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង មេបញ្ជាការយោធភូមិភាគទី២ របស់ថៃ នូវផែនការមុនចូលនិវត្តន៍របស់ខ្លួន។

តាមរយៈសេចក្ដីថ្លែងការណ៍របស់ រដ្ឋសភាកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា «រដ្ឋសភាកម្ពុជា សម្តែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះការប្រកាសគាំទ្ររបស់ លោក វ៉ាន់មូហាម៉ាត់ ណ័រមៈថា ប្រធានសភាតំណាងរាស្ត្រ និងជាប្រធានរដ្ឋសភាថៃ ចំពោះលោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង មេបញ្ជាការយោធភូមិភាគទី២ របស់ថៃ ដែលបានចុះផ្សាយជាភាសាថៃនៅក្នុងគេហទំព័រ រដ្ឋសភានៃព្រះរាជាណាចក្រថៃ និងកាសែត The Nation កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ ដែលលោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសពីផែនការមុនចូលនិវត្តន៍របស់ខ្លួន ដែលនៅសល់ ៥១ ថ្ងៃទៀត»។

លោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសពីផែនការមុនចូលនិវត្តន៍របស់ខ្លួន ដែលនៅសល់ ៥១ ថ្ងៃទៀតដោយ៖ ទី១) ដណ្តើមកាន់កាប់ប្រាសាទតាក្របី ពីការគ្រប់គ្រងដោយស្របច្បាប់របស់កម្ពុជា និង ទី២) ប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។

ការប្រកាសនេះជា ភស្តុតាងជាក់ស្តែង និងមិនអាចប្រកែកបាន បញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជា ដោយចេតនា និងដោយគិតទុកជាមុន៕

To Top