ព័ត៌មានជាតិ

ខែកក្កដា កម្ពុជា ចុះបញ្ជីគម្រោងវិនិយោគ ៦៧គម្រោង ក្នុងទំហំទុនវិនិយោគ ៩៤៤លានដុល្លារ

ភ្នំពេញ ៖ គម្រោងវិនិយោគ ចំនួន៦៧ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៤៤លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជី ដោយគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២៥។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១១ សីហា បានឱ្យដឹងថា «ក្នុងខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការ វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេច ចុះបញ្ជីគម្រោងវិនិយោគ សរុបចំនួន៦៧គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៩៤៤លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៥៧ពាន់កន្លែង»។

ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៤៣គម្រោង និងគម្រោង វិនិយោគដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ២៤គម្រោង។

ជារួម ការចុះបញ្ជី គម្រោងវិនិយោគមានការកើនឡើងចំនួន ២៣គម្រោង ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៥៤៧លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ១៣៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ទន្ទឹមនេះ បើគិតពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោង វិនិយោគមានចំនួន ៤៤០គម្រោង គឺកើន ឡើងចំនួន ២០៦គម្រោង ស្មើនឹងប្រមាណ ៨៨% ខណៈទំហំទុនវិនិយោគ មានប្រមាណ ៦,៧ពាន់លាន ដុល្លារអាម៉េរិក គឺកើនឡើងប្រមាណ ៣ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៨៤% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៤។

ជាការកត់សម្គាល់ ត្រឹមតែរយៈពេល ៧ខែនៃឆ្នាំ២០២៥ គណៈកម្មាធិការ វិនិយោគ កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគ លើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ២៦គម្រោង៕

To Top