ព័ត៌មានអន្តរជាតិ

ប្រទេសឡាវ កំពុងបង្កើនជំនាញកសិករទុរេន ដើម្បីទទួលបានទីផ្សារពិភពលោក

Loatain Time

វៀងចន្ទន៍៖ ឡាវ​កំពុង​ធ្វើ​ការ​ដើម្បី​លើក​កម្ពស់​ជំនាញ​ កសិករ​ក្នុង​ស្រុក​ក្នុង​ការ​ដាំដុះ​ទុរេន និង​ការ​យល់​ដឹង​របស់​ពួកគេ​អំពី​គោលការណ៍​ណែនាំ​រៀបចំ​ការ​នាំ​ចេញ ដើម្បី​ធានា​ថា​ទុរេន​ឡាវ មាន​គុណភាព និង​ស្តង់ដារ​បទប្បញ្ញត្តិ​អន្តរជាតិ។

យោងតាមរបាយការណ៍ពីក្រសួង កសិកម្ម និងរុក្ខាប្រមាញ់ឡាវ សមាគមធុរកិច្ចកសិកម្មឡាវ សហការជាមួយដៃគូបានរៀប ចំសិក្ខាសាលាបច្ចេកទេសមួយ ដើម្បីផ្តល់ឱ្យអ្នកដាំទុរេនឡាវ នូវចំណេះដឹងជាក់ស្តែងលើបច្ចេកទេសដាំដុះ ការថែទាំដើមឈើត្រឹមត្រូវ និងបទប្បញ្ញត្តិនាំចេញ។

សិក្ខាសាលាដែលបានធ្វើឡើង នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវកាលពីថ្ងៃសុក្រ សប្តាហ៍មុនក្នុងគោលបំណង បង្រួបបង្រួមអ្នកដាំទុរេន និង សហគ្រិនដែលមានចំណាប់អារម្មណ៍ទូទាំងប្រទេស ជំរុញកិច្ចសហប្រតិបត្តិការ ក្នុងចំណោមពួកគេ។  វាក៏បានស្វែងរកការពង្រឹងជំនាញ និងចំណេះដឹងបច្ចេកទេសរបស់អ្នកចូលរួមក្នុងការដាំដុះទុរេន ចាប់ពីការដាំដំបូងរហូតដល់ការប្រមូលផល ដើម្បីបង្កើនទិន្នផល និងគុណភាពផ្លែ។

បច្ចុប្បន្ន​ទុរេន​ត្រូវ​បាន​គេ​ដាំដុះ​លើ​ផ្ទៃដី​ចំនួន ២៦៩ ហិកតា​នៅ​ទូទាំង​ប្រទេស ដោយ​មាន​ដើម​ធុរេនចំនួន ១៨ ៩៥៧ ដើម។  យោងតាមរបាយការណ៍បានឱ្យដឹងថានៅឆ្នាំ២០២៦ ផលិតកម្មត្រូវបានគេរំពឹងថា នឹងឈានដល់ប្រហែល ៤០០តោននៃទុរេនគុណភាពខ្ពស់ដែលត្រៀមផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោក Bounchan Kombounyasith អគ្គនាយក នៃនាយកដ្ឋានកសិកម្ម ក្រោមក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ផលិតកម្មកសិកម្ម ស្របតាមផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមជាតិ របៀបវារៈជាតិ និងគោលនយោបាយសំដៅ កសាងសេដ្ឋកិច្ចឯករាជ្យ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top