ប្រមុខការទូតខ្មែរ ផ្ញើលិខិតទៅ UN អំពីហានិភ័យកំពុងកើនឡើង និងការគំរាមកំហែង បទឈប់បាញ់ ដ៏ផុយស្រួយ រវាងកម្ពុជា-ថៃ

ភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា កាលពីថ្ងៃ១១ សីហា រដ្ឋមន្រ្តីការបរទេសខ្មែរ លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន បានផ្ញើលិខិត២ ដាច់ដោយឡែកពីគ្នា ផ្ញើទៅក្រុមប្រឹក្សាអង្គការសហប្រជាជាតិ (UN) និងអគ្គលេខាធិការអង្គការ សហប្រជាជាតិ (UN) អំពីហានិភ័យដែលកំពុងកើនឡើង និងការគំរាមកំហែង ចំពោះបទឈប់បាញ់ ដ៏ផុយស្រួយខ្លាំង រវាងកម្ពុជា-ថៃ ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេសខ្មែរ បានលើកឡើង ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី«លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ថា យោងតាមលិខិត របស់ឯកឧត្តមរដ្ឋមន្រ្តីការបរទេស ផ្ញើទៅក្រុមប្រឹក្សាអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងថា កម្ពុជានិងថៃ បានចុះកិច្ចព្រមព្រៀងបទឈប់បាញ់ ក្នុងកិច្ចប្រជុំដ៏ពិសេសមួយ ដែលរៀបចំឡើងដោយប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ។
បើតាមរដ្ឋមន្រ្តី កិច្ចព្រមព្រៀងនេះ បានជួយសង្គ្រោះអាយុជីវិតមនុស្សយ៉ាងច្រើន និងផ្តល់ក្តីសង្ឃឹមដល់មនុស្សរាប់ពាន់នាក់ ដែលត្រូវបានជម្លៀសចេញពីទីលំនៅរបស់ខ្លួន កាលពីពេលផ្ទុះអាវុធដាក់គ្នាអស់រយៈពេល៥ថ្ងៃចាប់ពីថ្ងៃ២៤-២៨ កក្កដា ។
ក្នុងលិខិតសង្កត់ធ្ងន់ថា “ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន បានគូសបញ្ជាក់ថា បច្ចុប្បន្នកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយនេះ កំពុងប្រឈមនឹងការគំរាមកំហែងកាន់តែធ្ងន់ធ្ងរឡើង ដោយសារតែកងកំលាំងយោធាថៃបានបន្តបង្កើនការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា គឺជាការបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានសុពលភាពតាមផ្លូវច្បាប់ ចាប់តាំងពីពេលបទឈប់បាញ់ចូលជាធរមាន”។
លិខិតបន្តរៀបរាប់ថា បន្ទាប់ពីមានបទឈប់បាញ់មក កងទ័ពថៃបានជ្រៀតចូលក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ជាញឹកញាប់ តាមរយៈដាក់រាយបន្លាលួស កសាងលេណដ្ឋានរុះរើផ្ទះពលរដ្ឋខ្មែរ និងសាងសងផ្លូវជាច្រើនកន្លែងនៅតំបន់អានសេះ ក្នុងខេត្តព្រះវិហារ ៕
