ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ជំរុញឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវប្រឹងប្រែងផ្ដល់ឯកសារ ជូនពលរដ្ឋខ្មែរ ដែលទើបវិលត្រឡប់មកពីថៃវិញ ឱ្យបានលឿន

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានជំរុញឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់ ប្រឹងប្រែងផ្ដល់ឯកសារ ដល់ប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ ឱ្យបានលឿន និងឆាប់រហ័ស។

នាឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី ការសម្របសម្រួល ផ្តល់ឯកសារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក តុប នេត បានថ្លែងថា ដោយអនុវត្តន៍តាមប្រសាសន៍ ណែនាំរបស់លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យមានកិច្ចប្រជុំធំមួយលើការងារ អត្តសញ្ញាណកម្ម គឺដើម្បីសម្របសម្រួល ផ្តល់ឯកសារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ។

លោកឧត្តមសេនីយ៍ឯក គូសបញ្ជាក់ថា «មន្រ្តីជំនាញដែលពាក់ព័ន្ធទាំងអស់ ត្រូវប្រឹងប្រែងផ្ដល់ឯកសារ ជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទសថៃវិញ ឱ្យបានលឿន និងឆាប់រហ័ស ផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋខ្មែរ ក្នុងការស្នើសុំប្រើប្រាស់ សេវារដ្ឋបាលផ្សេងៗទៀត តាមតម្រូវការចាំបាច់ ក្នុងជីវភាពប្រចាំថ្ងៃ»។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះដែរក៏មានធ្វើបទបង្ហាញអំពីនីតិវិធី នៃការអនុវត្តការងារផ្ដល់សេវាអត្តសញ្ញាណកម្ម ដោយការធ្វើបទបង្ហាញ ស្តីពីបទអន្តរាគមន៍ របស់នាយកដ្ឋានជំនាញចំនួន៣ គឺនាយកដ្ឋានអត្រានុកូលដ្ឋាន នាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ រួមមាន៖
(១) ការងារចុះសំបុត្រកំណើត ការងារអត្រានុកូលដ្ឋាន
(២) ការងារស្ថិតិប្រជាពលរដ្ឋ ការគ្រប់គ្រងការស្នាក់នៅ និង
(៣) ការងារផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ៕

To Top