អភិបាលស្រុកស្ទោង ចុះសួរសុខទុក្ខយុទ្ធជនជួរមុខ ដែលសម្រាកព្យាបាលជំងឺ នៅមន្ទឹរពេទ្យបង្អែកស្រុកស្ទោង!

កំពងធំ: លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញ សំណេះសំណាល សួរសុខទុក្ខយុទ្ធជន ដែលជាពលទាហាននៅសមរភូមិមុខ កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ក្រោយប្រយុទ្ធយ៉ាងស្វិតស្វាញ ដើម្បីការពារជាតិ ដែនអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងទប់ទល់មហិច្ឆតាឈ្លានពាន របស់ទាហានថៃ ចំពោះកម្ពុជា។

លោក សាយ គឹមឡម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះពលបាលទោ ឈិន ពិសិដ្ឋ ជាពលទាហាន នៃកងពលធំអន្តរាគមន៍លេខ៣ ឈរជើងនៅទិស ចុងបូក មុំបី និងពលបាលត្រី វ៉ាត បូរ៉ាត់ ជាពលទាហាន នៃកងពលធំអន្តរាគមន៍ លេខ២ ឈរជើងការពារប្រាសាទតាក្របី ដែលបានលះបង់ញើសឈាម ប្តូរផ្តាច់ការពារ ទឹកដីឱ្យខានតែបាន ។ ហើយក្នុងនាមលោក និង សហការី ក៏ដូចជាប្រជាជនខ្មែរទាំងអស់ ជាយុទ្ធជននៅ សមរភូមិក្រោយមាននាទីគាំទ្រ និងជ្រោមជ្រែង ដល់សមរភូមិមុខ ទៅតាមអ្វីដែលអាចធ្វើបាន ដើម្បីលើកទឹកចិត្ត ដល់កងទ័ពខ្មែរ បណ្ដេញខ្មាំងឈ្លានពាន។
ជាមួយគ្នានេះដែរលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយវិវាទព្រំដែន ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាសម្រាប់ទំនុក បម្រុងដល់កងទ័ពកម្ពុជា។

សូមបញ្ជាក់ផងដែរថា លោក សាយ គឹមឡម បានឧបត្ថម្ភដល់យុទ្ធជន ឈិន ពិសិដ្ឋ និង វ៉ាត បូរ៉ាត់ រួមមាន÷ អង្ករ៥០គីឡុក្រាម ទឹកសុទ្ធ ភេសជ្ជៈ និងថវិកាចំនួន៤៥ម៉ឺនរៀលផងដែរ ៕ ដោយសំនៀង
