លោក ដូណាល់ ត្រាំ ប្តេជ្ញាបណ្តេញជនអនាថា ចេញពីទីក្រុងវ៉ាស៊ីនតោន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថានឹងបណ្ដេញអ្នកគ្មានផ្ទះសម្បែង ឬហៅថាជនអនាថា ចេញពីរដ្ឋធានីវ៉ាស៊ីនតោនរបស់សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសរសេរនៅក្នុងការបង្ហោះនៅលើវេទិកា Truth Social របស់លោកថា “ជនគ្មានផ្ទះសម្បែង ត្រូវរើចេញភ្លាមៗ យើងនឹងផ្តល់ឱ្យអ្នក នូវកន្លែងស្នាក់នៅ ប៉ុន្តែឆ្ងាយពីរដ្ឋធានី ហើយលោកបានបញ្ជាក់ ទៅក្រុមឧក្រិដ្ឋជនថា អ្នកមិនចាំបាច់រើចេញទេ យើងនឹងដាក់អ្នកនៅក្នុងពន្ធនាគារ” ។
លោកប្រធានាធិបតីបានលើកឡើងថា ចំណាត់ការនេះ គឺដើម្បីដោះស្រាយការកើនឡើង នៃឧក្រិដ្ឋកម្មក្នុងរាជធានី។ ទោះបីជាយ៉ាងណាក៏ដោយ អភិបាលក្រុងវ៉ាស៊ីនតោន លោក Muriel Bowser បានបដិសេធការអះអាងបែបនេះ។ លោក Bowser បានប្រាប់ MSNBC ថា “យើងបានចំណាយ ពេល ២ ឆ្នាំចុងក្រោយនេះ ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មហឹង្សា នៅក្នុងទីក្រុងនេះ ដោយបានជំរុញឱ្យវាធ្លាក់ចុះដល់កម្រិត ទាបមិនធ្លាប់មានក្នុងរយៈពេល ៣០ឆ្នាំ” ។
យោងតាមនាយកដ្ឋានប៉ូលីសរបស់ទីក្រុងបានឱ្យដឹងថា ឧក្រិដ្ឋកម្មហឹង្សាបានធ្លាក់ចុះ ២៦ ភាគរយក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៥ បន្ទាប់ពីបានធ្លាក់ចុះ ៣៥ ភាគរយក្នុងឆ្នាំ ២០២៤ ហើយបទល្មើសសរុបបានធ្លាក់ចុះ ៧ ភាគរយ៕
ប្រែសម្រួល ឈូក បូរ៉ា
