អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ កម្ពុជា មានតែកេរ្តិ៍ឈ្មោះ ខាងដោះមីន និងបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស នៅលើពិពភលោក មិនមែនល្បីដាក់មីនថ្មីឡើយ

ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល កម្ពុជា បានគូសបញ្ជាក់ថា ចាប់តាំងពីកម្ពុជា ក្លាយជារដ្ឋភាគី នៃអនុសញ្ញាទីក្រុង អូតាវ៉ា ស្តីពីការហាមប្រាណ ការប្រើប្រាស់គ្រាប់មីន ប្រឆាំងមនុស្សមក កម្ពុជា បានអនុវត្តអនុញ្ញានេះយ៉ាងម៉ឺងម៉ាត់ ដោយមិន ដែលបានប្រើប្រាស់គ្រាប់មីនថ្មី ណាមួយឡើយ ហើយកេរ្តិ៍ឈ្មោះរបស់កម្ពុជា នៅលើពិភពលោក គឺការដោះមីន និងបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស មិនមែនការដាក់មីនថ្មីនោះទេ ។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី វេលាម៉ោង ១១ថ្ងៃត្រង់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ លោក ប៉ែន បូណា បានលើកឡើងថា ចាប់តាំងពីកម្ពុជា ក្លាយជារដ្ឋភាគី នៃអនុសញ្ញាទីក្រុង អូតាវ៉ា ស្តីពីការហាមប្រាណ ការប្រើប្រាស់ គ្រាប់មីន ប្រឆាំងមនុស្ស កម្ពុជា បានអនុវត្តអនុញ្ញានេះយ៉ាងម៉ឺងម៉ាត់ ដោយមិនដែលបានប្រើប្រាស់គ្រាប់មីនថ្មីណាមួយឡើយ ផ្ទុយទៅវិញ កម្ពុជា បានដោះមីន និងបំផ្លាញគ្រាប់មីន ប្រឆាំងមនុស្ស ព្រមទាំងគ្រាប់មិនទាន់ផ្ទុះផ្សេងៗទៀត ដែលជាកាកសំណលពីសង្គ្រាម ជាច្រើនលានគ្រាប់ ចេញពីទឹកដីរបស់ខ្លួន ។
លើសពីនេះ កម្ពុជា បានចូលរួមយ៉ាងសកម្ម ក្នុងបេសកកម្មថែរក្សាសន្តិភាព នៅក្នុងពិភពលោក និងចូលរួមចំណែកដោះមីន ក្នុងបណ្តាប្រទេសជាច្រើន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ។
ក្នុងនោះ លោក ប៉ែន បូណា មានប្រសាសន៍ថា “កម្ពុជា ពិតជាមានមោទនភាព នៅក្នុងសកម្មភាពដោះមីន និងបំផ្លាញគ្រាប់មីងប្រឆាំងមនុស្ស និងគ្រាប់មិនទាន់ផ្ទុះ កាកសំណល់សង្គ្រាម ចេញពីទឹកដីរបស់ខ្លួន និងបានចែករំលែកបទពិសោធន៍នេះ ដល់ប្រទេសជាច្រើនទៀត ដូច្នេះ កេរ្តិ៍ឈ្មោះ របស់កម្ពុជា នៅពេលនេះ គឺការដោះមីន និងបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស មិនមែនការដាក់មីនថ្មីនោះទេ សូមឱ្យច្បាស់ចំណុងត្រង់នេះ” ។
គួរឱ្យដឹងថា កម្ពុជា គឺជាប្រទេសមួយ ដែលបានចុះហត្ថលេខា និងអនុម័តសន្ធិសញ្ញាអូតាវ៉ា នាពេលក្រោយសង្គ្រាមស៊ីវិល ដោយផ្តល់ចំណាប់ អារម្មណ៍យ៉ាងខ្លាំង លើការសម្អាតមីន និងជួយជនរងគ្រោះ។ ចំពោះប្រទេសមួយ ដែលធ្លាប់រងគ្រោះដោយសារមីនដូចកម្ពុជា ការចូលរួមក្នុងសន្ធិសញ្ញានេះ មិនត្រឹមតែជាជំហ៊ាន ស្មោះត្រង់ទេ ប៉ុន្តែជាជំហ៊ានឆ្ពោះទៅរកកម្ពុជាស្រស់ស្អាត និងសន្តិភាពជាអនាគតផងដែរ។ ថ្មីៗនេះទាហនថៃ ដែលបានដើរល្បាត បំពានចូលបូរណភាពទឹកដីកម្ពុជា ហើយជាន់មីន ដែលសល់ពីសង្គ្រាម ថៃបានព្យាយាមលើកឡើងថា កម្ពុជា បំពានសន្ធិសញ្ញាអូតាវ៉ា ទាំងដែលខ្លួនឯង ធ្លាប់ប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា៕
