ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តឲ្យអង្គការសង្គមស៊ីវិលជាដៃគូ បន្តរួមគ្នាជាមួយអាជ្ញាធរខេត្ត ធ្វើការដើម្បីប្រយោជន៍ប្រជាពលរដ្ឋ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍លើកទឹកចិត្តឲ្យអង្គការសង្គមស៊ីវិល ជាដៃគូអាជ្ញាធរខេត្ត បន្តរួមគ្នាអនុវត្តការងារ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ នៅសណ្ឋាគារភ្នំប្រុស ក្រុងកំពង់ចាម ក្នុងឱកាសអញ្ជើញចូលរួម ក្នុងវេទិកាសន្ទនា ស្ដីពី «កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី» ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងអង្គការសង្គមស៊ីវិល ជាមួយអាជ្ញាធរខេត្ត គឺមានភាពប្រទាក់ក្រឡាគ្នា ក្នុងគោលដៅតែមួយ ពោល គឺផ្ដោតទៅលើការជួយ ប្រជាពលរដ្ឋ ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងការជួយដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋ ដែលកិច្ចការនេះ ស្របជាមួយយុទ្ធសាស្ត្របញ្ញកោណ របស់រាជរដ្ឋាភិបាលដំណាក់កាលទី១ ផងដែរ ដែលបានកំណត់គោល នយោបាយអទិភាពទាំង ៦ចំណុច និងវិធានការគន្លឹះទាំង ៥ គឺផ្ដោតទៅលើផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ដូច្នេះយើងបន្តរួមដំណើរជាមួយគ្នា ដោយខិតខំបង្កើននូវការទំនាក់ទំនង ការបំពេញឲ្យគ្នា ពីព្រោះគោលដៅការងាររបស់យើង គឺផលប្រយោជន៍ប្រជាពលរដ្ឋ ។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ការបំពេញឲ្យគ្នាទៅវិញទៅមកនេះ យើងត្រូវពិនិត្យមើលទៅលើសកម្មភាព នៃការអនុវត្ត ពាក់ព័ន្ធទៅនឹងលិខិតបទ ដ្ឋានគតិយុត ដោយធ្វើអ្វីកុំឲ្យប្រាសចាកពីរអ្វីមាន នៅក្នុងលក្ខន្តិកៈដែលបានតម្កល់នៅក្រសួងមហាផ្ទៃ ឬក៏ក្រសួងសាម៉ីនានា ។ ចំពោះរដ្ឋបាលខេត្ត គឺបើកទ្វារចាំជួយសម្រួលជូន ។

To Top