ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ បានដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារៈ ប្រមាណជាង២០កុងតឺន័រ ទៅដល់កងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគ និងសម្លារៈផ្សេងៗ ប្រមាណជាង ២០កុងតឺន័រ ជូនទៅដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ក្នុងនោះក៏មាន ទាំងចាន ឆ្នាំង ចំនួន១៥០០០សម្រាប់ ចង្ក្រានហ្គេស ចំនួន១៧០០០ចង្រ្កាន និង៣៤០០០កំប៉ុងផងដែរ។

ការបញ្ជាក់របស់ លោក ឃួង ស្រេង ខាងលើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះ លោក ឃួង ស្រេង បានលើកឡើងថា ប្រជាពលរដ្ឋបានសាគ្គីភាពជាធ្នុង១ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភាកម្ពុជា។ ចំណុចនេះបានធ្វើឱ្យប្រជាជន មើលឃើញយ៉ាងច្បាស់ពីតួនាទី ដែលមិនអាចខ្វះបានរបស់វីរកងទ័ព ជាខឿនការពារជាតិ ប្រជាជន និងរាជរដ្ឋាភិបាល ។ ប្រជាជនទាំងអស់បានធ្វើកិច្ចការងារព្រមៗគ្នា ជុំវិញការលើកទឹកចិត្ត ផ្តល់នូវទំនុកចិត្តជាខ្នងបង្អែក ខឿនការពារជាតិរបស់ប្រជាពលរដ្ឋ ដែលបានលើកទឹកចិត្ត ឱ្យកងទ័ពកាន់តែ មានភាពក្លាហាន។

ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចក្នុងនាមជាប្រជាពលរដ្ឋល្អ ដើម្បីធ្វើកិច្ចការងារបំរើឱ្យជួរមុខ ទាំងសម្លារៈ ថវិកានិងស្មារតី បានល្អប្រសើរ។ បន្ថែមពីនេះប្រជាពលរដ្ឋ ព្រះសង្ឃទាំង២គណៈ បានធ្វើសកម្មភាពផ្សេងៗច្រើនទៀត ដើម្បីបង្ហាញឱ្យអន្តរជាតិបានឃើញ ពីការឈ្លានពាររបស់កងទ័ពថៃ មកលើបូរណភាពទឹកដីកម្ពុជា ខណៈកម្ពុជាចង់បានសន្តិភាព។ បន្ថែមលើនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរួមគ្នាជាមួយប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ដោយបានដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគនិងថវិកា ជូនទៅដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកជាបន្តបន្ទាប់។

លោកអភិបាលរាជធានីភ្នំពេញ បន្ថែមថា ក្រៅពីការងារខាងលើ ការងាររក្សាសន្តិសុខ សុវត្ថិភាពនៅរាជធានីភ្នំពេញ ក៏បានអនុវត្តបានល្អប្រសើរ ជាមួយនិងការបង្ក្រាបល្បែងស៊ីសង់ តាមអនឡាញបានជាច្រើនកន្លែងផងដែរ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណ ចំពោះមន្ត្រីនិងថ្នាក់ដឹកនាំរដ្ឋបាល រាជធានីភ្នំពេញទាំងអស់ ដែលបានយកអស់ កម្លាំងកាយចិត្ត ដើម្បីបំរើការងារទទួលនិងបញ្ជូនគ្រឿងឧបភោគ បរិភោគនិងសម្លារៈផ្សេងៗ ទៅជូនជនភៀសសឹកនិងវីរកងទ័ពជួរមុខ ដោយមិនបានសំរាកឡើយ ទោះបីជាថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ដើម្បីឆ្លើយតបទៅនឹងឈាមដែលស្រក់ នៅតាមព្រំដែន។ ជាមួយគ្នានោះក៏មិនអាចភ្លេចបាន ចំពោះក្រុមការងារផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាប្រព័ន្ធអនឡាញ ដែលមិនបានធ្វើការងារខុសឆ្គង នៅក្នុងរាជធានីភ្នំពេញ ធ្វើឱ្យប្រជាពលរដ្ឋ មានការភ័ណ្ឌច្រឡំ ដោយបានស្តាប់នូវការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាល។ នេះបញ្ជាក់ឱ្យឃើញ ពីមហាសាមគ្គីភាព ដែលមិនអាចភ្លេចបាន ៕

To Top