ពលរដ្ឋភៀសសឹក បានវិលត្រឡប់ទៅលំនៅឋាន មួយចំនួនធំ ខណៈពលករខ្មែរ នៅបន្តចាកចេញពីថៃ

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ចំនួនពលរដ្ឋភៀសសឹក ពីការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ បានវិលត្រឡប់ទៅលំនៅឋានខ្លួន ជាច្រើនគួរឱ្យកត់សម្គាល់ ។ ទន្ទឹមនេះ ការចាកចេញពីប្រទេសថៃរបស់ពលករខ្មែរ ក៏នៅបន្តចូលមកកម្ពុជា ជាបន្តបន្ទាប់ តែធូរស្បើយជាងមុនៗ។

យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ សម្របសម្រួលជាមួយរដ្ឋបាលខេត្តពាក់ព័ន្ធ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតមកដល់ថ្ងៃទី១២ ខែសីហា ឆ្នំា២០២៥ ខេត្តឧត្តរមានជ័យ ជនភៀសសឹកមួយចំនួនធំ បានវិលត្រឡប់ទៅកាន់លំនៅឋានវិញ ក្នុងនោះជនភៀសសឹកមកពីស្រុកបន្ទាយអំពិល បានវិលត្រឡប់ទៅលំនៅឋាន ប្រមាណ៩៥% (ផ្សារបើកប្រមាណ៩៥%)។ ក្រុងសំរោងប្រមាណ៩៧% (ផ្សារបើកប្រមាណ៩០%)។ ស្រុកអន្លង់វែង១០០% (ផ្សារបើកប្រមាណ១០០%) និងស្រុកត្រពាំងប្រាសាទ១០០ % (ផ្សារបើកប្រមាណ៨៥%)។ តែនៅក្នុងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ពុំមានជនភៀសសឹកធ្វើដំណើរ ត្រឡប់ទៅកាន់លំនៅឋានវិញទេ ។ បច្ចុប្បន្នចំនួនជនភៀសសឹកស្នាក់នៅ មណ្ឌលសុវត្ថិភាពរៀបចំដោយរដ្ឋបាលខេត្តនៅសល់តែ១ទីតាំងប៉ុណ្ណោះ ដែលមានចំនួន២៧៩គ្រួសារ ស្មើនឹង៦១៥នាក់ ក្នុងនោះស្រីមានចំនួន៣៦៦នាក់។

ចំណែកឯ ខេត្តព្រះវិហារ ពលរដ្ឋភៀសសឹកមួយចំនួនក៏បានវិលត្រឡប់ទៅកាន់លំនៅឋានវិញដែរ និងបច្ចុប្បន្ននេះ គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ មានពលរដ្ឋភៀសសឹកស្នាក់នៅមណ្ឌលសុវត្ថិភាព ដែលរៀបចំដោយរដ្ឋបាលខេត្តទាំង១៥ទីតាំង មានចំនួន ៦.០៣៧គ្រួសារ (ថយចុះ៨១៦គ្រួសារ) ស្មើនឹង២០.៦៩៥នាក់ (ថយចុះ ២.៩៤៦នាក់) ក្នុងនោះស្រីមានចំនួន១១.១៣០នាក់ ។ ទោះបីយ៉ាងណា សាលារៀនចំនួន៩៧កន្លែង មន្ទីរពេទ្យនិងមណ្ឌលសុខភាពសរុបចំនួន១៣កន្លែង ក្នុងស្រុកជាំក្សាន្តនិងស្រុកគូលែន នៅបន្តបិទជាបណ្ដោះអាសន្ន។
ដោយឡែក ខេត្តសៀមរាប ពលរដ្ឋភៀសសឹកពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារមួយចំនួនបានវិលត្រឡប់ទៅកាន់លំនៅឋានវិញ ដោយបច្ចុប្បន្ននេះ មានពលរដ្ឋភៀសសឹកកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាពរៀបចំដោយរដ្ឋបាលខេត្តសៀមរាបនិងផ្ទះសាច់ញាតិទាំង២៤ទីតាំង (ថយចុះ៧ទីតាំង) គិតជាគ្រួសារមាន ២.៤៩៤គ្រួសារ (ថយចុះ១៥គ្រួសារ) ស្មើនឹង៨.៤១៥នាក់ (ថយចុះ១.៦៤៣នាក់) ក្នុងនោះស្រីមានចំនួន៤.៥៥៣នាក់។
ចំពោះខេត្តបន្ទាយមានជ័យ បច្ចុប្បន្ននេះ ពលរដ្ឋភៀសសឹកដែលស្នាក់នៅមណ្ឌលសុវត្ថិភាព រៀបចំដោយរដ្ឋបាលខេត្ត និងស្នាក់នៅតាមផ្ទះសាច់ញាតិ បច្ចុប្បន្នមានចំនួនសរុប ១៤៨គ្រួសារ (ថយចុះ៦៧គ្រួសារ) ស្មើនឹង៥៤៤នាក់ (ថយចុះ២៧៤នាក់) ក្នុងនោះស្រីមានចំនួន៣២១នាក់ និងកុមារចំនួន១២៨នាក់ ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្តថា ទោះជាពលរដ្ឋភៀសសឹកមួយចំនួនធំ បានវិលត្រឡប់ទៅលំនៅឋានវិញ ក៏ដោយ ក៏រដ្ឋបាលខេត្តក្រោមការ សម្របសម្រួលដឹកនាំ របស់ក្រសួងមហាផ្ទៃ នៅបន្តយកចិត្តទុកដាក់ពិនិត្យទីតាំងមណ្ឌលសុវត្ថិភាព រក្សាសន្តិសុខ ទឹក កញ្ចប់អាហារគ្រឿងឧបភោគបរិភោគ ប្រព័ន្ធទឹកស្អាត អគ្គិសនី បង្គន់អនាម័យ ក្រុមគ្រូពេទ្យថែទាំងជម្ងឺ បន្តទទួល និងបែងចែកអំណោយរបស់ក្រសួង ស្ថាប័ន និងសប្បុរសជននានា ជូនដល់បងប្អូនពលរដ្ឋភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពជាបន្ត។ លើសពីនេះ រដ្ឋបាលខេត្ត នៅបន្តចាត់កម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ និងប្រជាការពារ ល្បាតការពារនៅតាមភូមិ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងទ្រព្យសម្បត្តិនៅតាមផ្ទះប្រជាពលរដ្ឋ៕
