ទេសរដ្ឋមន្រ្តី លី ធុជ ៖ ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាកិច្ចការមួយចាំបាច់ បន្ទាប់ពីការបញ្ចប់សង្រ្គាមរ៉ាំរ៉ៃ នៅកម្ពុជា

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា ការងារបោស សម្អាតមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាម គឺជាកិច្ចការមួយចាំបាច់ បន្ទាប់ពីការបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា ដើម្បីគាំទ្រ ដល់ការស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម ។

នាឱកាសអញ្ជើញទទួលស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់ក្រុមនិស្សិតចិន សិក្សាដែលកំពុងនៅសហរដ្ឋអាមេរិក នៃក្រុមផ្សព្វផ្សាយសន្តិភាពសកល (Global Peace Advocates Team) និងមូលនិធិអាប៉ូឡូ (Apollo Foundation) ដែលបានមកសិក្សាឈ្វេងយល់ អំពីកិច្ចប្រតិបត្តិការសកម្មភាពមីន នៅកម្ពុជា នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានធ្វើបទបង្ហាញសង្ខេបអំពីបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីនរយៈពេលជាង ៣០ឆ្នាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងគាំពារដល់សុខសន្តិភាពនៅកម្ពុជា ។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា «ការងារបោស សម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាកិច្ចការមួយចាំបាច់ បន្ទាប់ពីការបញ្ចប់សង្រ្គាមរ៉ាំរ៉ៃ នៅកម្ពុជា ដើម្បីគាំទ្រដល់ការស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម និងធ្វើឱ្យប្រទេសកម្ពុជាមានសុវត្ថិភាពជាងមុន ប៉ុន្តែការបោសសម្អាតមីននេះ អាចដំណើរការបានគ្រប់ជ្រុងជ្រោយ គឺដោយសារកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ក្រោមនយោយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី» ។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា ដើម្បីដោះស្រាយបញ្ហាមីនដែលនៅសេសសល់ រាជរដ្ឋាភិបាលអាណត្តិទី៧របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅតែបន្តគាំទ្រ និងដឹកនាំឥតងាករេ ជាមួយនឹងការដាក់ចេញនូវចក្ខុវិស័យ ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់ ដែលអាចឱ្យកម្ពុជា សម្រេចគោលដៅគ្មានផលប៉ះពាល់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមដល់ក្រុមនិស្សិតចិនថា ដើម្បីអាចឱ្យកម្ពុជា សម្រេចនូវគោលដៅរបស់ខ្លួន ការរួម ចំណែករបស់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ពិតជាមានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយហានិភ័យនៃសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់៕
