ព័ត៌មានជាតិ

គម្រោងអភិវឌ្ឍន៍លំនៅឋានមួយ សាងសង់ឡើង លើផ្ទៃដីជាង៣៥ហិកតា ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប

សៀមរាប៖ វិនិយោគិនកូរ៉េ បានសម្រេច បោះទុនវិនិយោគលើគម្រោងលំនៅឋានបែបប្រណីត ដែលមានឈ្មោះថា DreamVille លើទំហំផ្ទៃដីសរុប ៣៥,៤ហិកតា ស្ថិតនៅក្នុង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាតំបន់ដ៏មានសក្ដានុពល គឺក្បែរនឹងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់តំបន់រមណីដ្ឋានអង្គរ  ។

គម្រោងលំនៅឋាននេះ ត្រូវបានសាងសង់ឡើង ដោយរួម បញ្ចូលគ្នា ដូចជាផ្ទះទំនើប សាលារៀន សួនកម្សាន្ត មណ្ឌលសុខភាព និងហាងលក់ទំនិញ ។

នៅក្នុងពិធីបើកការដ្ឋានសាងសង់ គម្រោងលំនៅឋាន  DreamVille កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោក គីម យូឆឹល នាយកប្រតិបត្តិនៃក្រុមហ៊ុន N.H.O ដែលជាក្រុមហ៊ុន វិនិយោគលើគម្រោងលំនៅឋាន DreamVille បានឱ្យដឹងថា ក្រុមហ៊ុនមានគម្រោងលើការអភិវឌ្ឍលំនៅឋានក្នុងស្រុក ប្រាសាទបាគងនេះ តាំងពីឆ្នាំ២០២៤ម្ល៉េះ ដោយបានប្រមូលទិញដី សរុបប្រមាណជាង ៣៥ហិកតា ដោយមានបណ្ណកម្មសិទ្ធិដីធ្លីត្រឹមត្រូវ ។ ក្រោយមកក្រុមហ៊ុនបានរៀបចំដីនេះ ដោយបានចាក់បំពេញដី នៅអំឡុងខែកក្កដា ឆ្នាំ២០២៤ដដែល ។ នៅអំឡុងខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុនក៏ទទួលបានការអនុញ្ញាតច្បាប់សាងសង់ ដោយបច្ចុប្បន្ននេះក្រុមហ៊ុនកំពុងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ដូចជាភ្ជាប់បណ្ដាញអគ្គិសនី ប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូរំដោះជាដើម ។

លោកបន្តថា ដើម្បីបញ្ជាក់ពីភាពជឿជាក់ របស់ពលរដ្ឋ និងអតិថិជនក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបានសាងសង់ការិយាល័យលក់មួយ នៅក្រុងសៀមរាប និងកំពុងសាងសង់ផ្ទះគំរូចំនួន៦ខ្នង នៅទីតាំងគម្រោងផ្ទាល់ ដើម្បីឱ្យអតិថិជនអាចទស្សនាផ្ទះគំរូរបស់យើងបាន ។ គម្រោង​ DreamVille មិនត្រឹមតែជាលំនៅឋានតែប៉ុណ្ណោះទេ តែវាក៏ជាតំណាងឱ្យរបៀបរស់នៅបែបថ្មី សម្រាប់ប្រជាជនខេត្តសៀមរាប និងប្រជាជនកម្ពុជាទាំងមូលផងដែរ  ។

លោកបន្ថែមថា មូលហេតុដែលក្រុមហ៊ុនជ្រើសរើសយកទីតាំងនេះ សម្រាប់ជាគម្រោងអភិវឌ្ឍន៍ ព្រោះវាជាទីតាំងយុទ្ធសាស្ត្រ នៅជិតអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នៅជាប់ផ្លូវជាតិលេខ៦ ដែលជាផ្លូវសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ​ ឆ្លងកាត់សម្រាប់ទៅទស្សនារមណីយដ្ឋានប្រវត្តិសាស្ត្រ និងវប្បធម៌ ។ សម្រាប់លំនៅឋាន​ ដែលនឹងត្រូវអភិវឌ្ឍន៍នៅគម្រោង DreamVille មានចំនួនផ្ទះសរុប ១ ៦០០ខ្នង ប៉ុន្តែក្រុមហ៊ុនមិនមែនមានគម្រោងតែប៉ុណ្ណេះទេ ដោយនៅថ្ងៃអនាគត ក្រុមហ៊ុននឹងអភិវឌ្ឍន៍តំបន់ជុំវិញនេះ ទៅជាទីក្រុងឆ្លាតវៃសម្រាប់ទេសចរណ៍ ពាណិជ្ជកម្ម និងការរស់នៅយូរអង្វែង ។

លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍លំនៅឋាន DreamVille នឹងចូលរួមចំណែកដល់ការអនុវត្ត គោលនយោបាយលំនៅឋាន​ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយសព្វថ្ងៃនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានយកចិត្តទុកដាក់ ក្នុងការអនុវត្តគោលនយោបាយ នេះ ។

លោកបន្តថា ការអភិវឌ្ឍគម្រោងនេះដែរ ក៏បានឆ្លើយតបទៅនឹងផែនការ នៃការប្រើប្រាស់ដី​នៅក្នុងខេត្តសៀមរាប ដែលផែនការនេះគឺផ្ដោត​ ទៅលើការរៀបចំលំនៅឋាន​ ការរៀបចំភូមិឋានមួយប្រកបដោយសុខុដុមរមនា ។ គម្រោងនេះ មិនត្រឹមតែចូលរួមចំណែកដល់ការជំរុញ ការអភិវឌ្ឍវិស័យអចលនទ្រព្យប៉ុណ្ណោះទេ តែវាក៏នឹងចូលរួម ចំណែកជាច្រើន​ ដល់វិស័យផ្សេងៗ ជាពិសេសសុខុមាលភាព ។ អ្វីដែលពិសេស តាមរយៈគម្រោងនេះដែរ ក៏នឹងចូលរួមទាក់ទាញគម្រោងវិនិយោគផ្សេងៗទៀត ចូលមកកាន់ខេត្ត សៀមរាបបន្ថែមទៀតផងដែរ ។

លោកសង្ឃឹមនឹងជឿជាក់ថា ជាមួយនឹងការសហការយ៉ាងជិតស្និទ្ធ រវាងភាគីទាំងអស់ ការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមូលដ្ឋាន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ គម្រោងនេះនឹងអាចអនុវត្តបានដោយជោគជ័យ ហើយអាចរួមចំណែកបង្កើតរូបរាងថ្មីឱ្យខេត្តសៀមរាប ។

គួរបញ្ជាក់ថា គម្រោង DreamVille នេះ មិនត្រឹមតែជាគម្រោងលំនៅឋានប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាគម្រោងសហគមន៍មួយ​ លើសពីលំនៅឋាន ដោយសារតែគម្រោងនេះ មានការរួមសហការ ជាមួយក្រុមហ៊ុន Atomy Global Group សាលារៀន Dreamy ដែលនឹងធ្វើឱ្យគម្រោង DreamVille ក្លាយជាសហគមន៍ស្ដង់ដារមួយ នៅក្នុងខេត្តសៀមរាប នៃប្រទេសកម្ពុជា ដោយមានរួមបញ្ចូលការរស់នៅការសិក្សា កន្លែងកម្សាន្តជាដើម ៕

To Top