ព័ត៌មានអន្តរជាតិ

ជប៉ុន ផ្តល់ការការពារទ្រព្យសម្បត្តិយោធា ដល់យោធាអង់គ្លេសជាលើកដំបូង

kyodo

តូក្យូ៖ ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា ខ្លួនបានផ្តល់ “ការការពារទ្រព្យសម្បត្តិយោធា” ដល់យោធាអង់គ្លេសជាលើកដំបូង នៅដើមខែនេះ នៅក្នុងការបង្ហាញពីការពង្រឹងទំនាក់ទំនងការពារទ្វេភាគីឱ្យកាន់តែស៊ីជម្រៅចំពេលមានការកើនឡើងនៃបញ្ហាប្រឈមផ្នែកសន្តិសុខពិភពលោក។

ក្រសួងបានឲ្យដឹងថា នាវាផ្ទុកយន្តហោះរបស់កងកម្លាំងស្វ័យការពារដែនសមុទ្រ Kaga និងនាវាពិឃាត Teruzuki បានការពារក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ Prince of Wales របស់ចក្រភពអង់គ្លេស ក្នុងអំឡុងពេលសមយុទ្ធពហុភាគីរយៈពេល ៩ថ្ងៃចាប់ពីថ្ងៃទី៤ ខែសីហា នៅប៉ាស៊ីហ្វិកខាងលិច។

ក្រសួងបានឲ្យដឹងថា ចក្រភពអង់គ្លេស គឺជាប្រទេសទីបី ដែលទទួលបានការគាំទ្របែបនេះពីកងកម្លាំងស្វ័យការពារ បន្ទាប់ពីសហរដ្ឋអាមេរិក និងអូស្ត្រាលី ដោយបន្ថែមថាមិនមានសកម្មភាពវាយលុកជាក់ស្តែងណាមួយប្រឆាំងនឹងនាវាអង់គ្លេសក្នុងអំឡុងពេលធ្វើសមយុទ្ធនោះទេ។

ច្បាប់សន្តិសុខជប៉ុន ដែលបានអនុម័តក្នុងឆ្នាំ២០១៦ អនុញ្ញាតឱ្យបុគ្គលិកការពារជាតិការពារនាវាបរទេស យន្តហោះ និងអាវុធដែលចូលរួមក្នុងសកម្មភាព ដែលជួយការពារប្រទេសជប៉ុន បន្ធូរបន្ថយឧបសគ្គលើប្រតិបត្តិការ SDF ក្រោមរដ្ឋធម្មនុញ្ញ ដែលបោះបង់ចោលសង្រ្គាម។

ទីក្រុងតូក្យូ និងទីក្រុងឡុងដ៍ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក បាននិងកំពុងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពយោធា ដែលកំពុងកើនឡើងរបស់ចិន នៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top