ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ស្ពឺ បើកវេទិកាពិគ្រោះយោបល់ ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល

កំពង់ស្ពឺ​ ៖ អភិបាលខេត្តកំពង់ស្ពឺ លោក​ ជាម​ ច័ន្ទ​សោភ័ណ​ បានចូលរួមក្នុងវេទិកាពិគ្រោះយោបល់ជាមួយសមាគម​ អង្គការមិនមែនរដ្ឋាភិបាល និង សហគមន៍នានា ដែលធ្វើសកម្មភាពក្នុងមូលដ្ឋាន ខេត្តកំពង់ស្ពឺ ដោយមាន​អ្នកចូលរួមសរុបប្រមាណ ២៦០នាក់ នៅបុរីរដ្ឋបាលខេត្តសាលប្រជុំ វ៉ី សំណាងនៅ​ថ្ងៃទី១៤ខែសីហាឆ្នាំ២០២៥។

នាឱកាសនោះ​ លោកជាម ច័ន្ទសោភ័ណ បានលើកឡើងថា វេទិកាពិគ្រោះយោបល់ ស្ដីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តកំពង់ស្ពឺ និងអង្គការសង្គមស៊ីវិល នាពេលនេះ គឺស្របទៅតាមគោលការណ៍ របស់ក្រសួងមហាផ្ទៃ ដែលបានណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការរៀបចំវេទិកានេះឡើង ដើម្បីស្ដាប់ពីបញ្ហាប្រឈមនានា សំណូមពរផ្សេងៗ ក្នុងន័យដើម្បីជួយពង្រឹង ពង្រីក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលខេត្តកំពង់ស្ពឺ ជាមួយនឹងបណ្ដាអង្គការ សមាគម សហគមន៍​ឱ្យកាន់តែប្រសើរឡើង។

លោកអភិបាលខេត្ត ស្នើអង្គការសង្គមស៊ីវិលទាំងអស់ក្នុងខេត្ត សូមផ្ដល់របាយការណ៍ អំពីសកម្មភាពរបស់ខ្លួន ដើម្បីឱ្យរដ្ឋបាលខេត្ត បានទទួលព័ត៌មានបន្ថែមអំពីសកម្មភាព ដែលអង្គការបាននិងកំពុងតែប្រតិបត្តិការ។

លោកអភិបាលខេត្តសង្ឃឹមថា កិច្ចសហប្រតិបត្តិការភាព ជាដៃគូ រវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល ដែលបាននិងកំពុងប្រតិបត្តិការ នៅក្នុងខេត្តកំពង់ស្ពឺ ត្រូវបានពង្រឹងលើកកម្ពស់បន្ថែម តាមរយៈការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក ការឆ្លើយតបអំពីបញ្ហាប្រឈម ក្តីកង្វល់ និងតម្រូវការនានា ៕
ដោយ:សុខ សុភ័ណ្ឌ រូបថតមន្ទីរព័ត៌មាន

To Top