ក្រសួងការងារ បើកសិក្ខាសាលាត្រីភាគីស្ដីពី «បច្ចុប្បន្នភាពសេដ្ឋកិច្ច សង្គម និងនិន្នាការប្រាក់ឈ្នួល អប្បបរមានៅកម្ពុជា និងក្នុងតំបន់»

ភ្នំពេញ៖ លោក គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាត្រីភាគីស្ដីពី «បច្ចុប្បន្នភាពសេដ្ឋកិច្ច សង្គម និងនិន្នាការប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា និងក្នុងតំបន់» ដែលរៀបចំឡើងនៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល អង្គការអន្តរជាតិខាងការងារ(ILO) តំណាងភាគីអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងតំណាងភាគីអង្គការវិជ្ជាជីវៈ របស់និយោជកប្រមាណ ១៣០រូប ។

ថ្លែងក្នុងសិក្ខាសាលាត្រីភាគីនេះ លោក គួច សុមាន បានបង្ហាញក្តីសង្ឃឹមជឿជាក់ថា សិក្ខាសាលាត្រីភាគីនេះ នឹងក្លាយជាវេទិកាមួយដ៏សំខាន់ សម្រាប់គ្រប់ភាគី ដើម្បីជាមូលដ្ឋាន និងធាតុចូលបន្ថែម ក្នុងការចរចាប្រាក់ឈ្នួលអប្បរមាសម្រាប់ឆ្នាំ២០២៦។

បន្ថែមពីនេះ លោករដ្ឋលេខាធិការ បានបន្តលើកឡើងថា ក្រសួងនឹងបន្តខិតខំបន្ថែមទៀត ក្នុងការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការងារ រួមនឹងការពង្រឹងពង្រីកយន្តការនិងសមត្ថភាពស្ថាប័ន និងបង្កើនកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាអាចធានាបាននូវភាពប្រកួតប្រជែងរបស់ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ ។

ទន្ទឹមគ្នានេះ លោករដ្ឋលេខាធិការ ជឿជាក់យ៉ាងមុតមាំងថា ក្រោយចប់សិក្ខាសាលាត្រីភាគីនេះ គ្រប់ភាគីទាំងអស់នឹងយល់ដឹងកាន់តែច្បាស់អំពីស្ថានភាពសេដ្ឋកិច្ច និងសង្គម ព្រមទាំងការវិវឌ្ឍ នៃប្រាក់ឈ្នួលអប្បបរមាក្នុងតំបន់ ដើម្បីជាមូលដ្ឋានរៀងៗខ្លួនក្នុងការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាខាងមុខ។

ទន្ទឹមនេះ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបន្តធ្វើការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ជាពិសេសអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងការពង្រឹងសមត្ថភាពរបស់សមាជិក សមាជិកាក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា ដើម្បីបំពេញតួនាទីរបស់ខ្លួនឯងឱ្យកាន់តែល្អប្រសើរក្នុងការពិភាក្សាចរចាប្រាក់ឈ្នួល អប្បបរមានាពេលអនាគត ៕





